(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានវិលត្រឡប់មកវិញហើយ ក្រោយពីបានពន្យារពេលដោយសារកូវីដ១៩ ដោយមានក្រុមសូលទីឡូអង្គរ ជាម្ចាស់ផ្ទះបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវនគរបាលជាតិ នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋាន អេស.អ.យូ នាម៉ោង ១៥៖៣០នាទីរសៀល ដើម្បីបង្រ្គប់សប្តាហ៍ទី៦ ជើងទី១។

គួរដឹងផងដែរថា ការប្រកួតរបស់ក្រុមសូលទីឡូអង្គរ កាលពីសប្តាហ៍ទី១០ ទទួលបាន ១ពិន្ទុ បន្ទាប់ពីលេងបានស្មើជាមួយនឹងណាហ្គា ក្នុងលទ្ធផល ៣-៣ នាថ្ងៃសៅរ៍ ទី២៤ ខែកក្កដាកន្លងទៅនៅក្នុងទឹកដីរបស់ខ្លួន។ សូលទីឡូអង្គរ ក្រោយពីបានឆ្លងកាត់ ៩ប្រកួតមកនេះ ស្មើ១ដង និងចាញ់៨ដង មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ ឈរនៅបាតតារាងលេខ១៣ និងមាន ១ពិន្ទុប៉ុណ្ណោះ។

ចំណែកឯក្រុមនគរបាលជាតិ វិញកាលពីសប្តាហ៍ទី១១ បានលេងស្មើជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ១-១ នាថ្ងៃសៅរ៍ ទី៣១ ខែកក្កដា កន្លងទៅ។ នគរបាលជាតិ ក្រោយពីបានឆ្លងកាត់៧ប្រកួតមកនេះ លេងស្មើ២ដង និងចាញ់៥ដង មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយដូចគ្នា និងបានឈរនៅចំណាត់ថ្នាក់លេខ១២ និងមាន២ពិន្ទុ៕