(អាមេរិក)៖ ក្រុមហ៊ុន Apple បានប្រកាសឱ្យដឹងថា ខ្លួនបានទិញយកក្រុមហ៊ុនផ្ដល់សេវាកម្ម Music Streaming មួយដែលមានឈ្មោះថា «Primephonic» ប៉ុន្តែមិនបានបញ្ជាក់ថាការទិញលក់នេះត្រូវបានធ្វើឡើងក្នុងតម្លៃប៉ុន្មាន និងមានលក្ខខណ្ឌអ្វីខ្លះនោះទេ។ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

ការទិញយកក្រុមហ៊ុន «Primephonic» ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Apple បានរុញច្រាន Apple Music ឱ្យក្លាយជា ក្រុមហ៊ុនមួយ ដែលផ្ដល់សេវាកម្ម Music Streaming ធំលំដាប់ពិភពលោក ជាមួយនឹងបទចម្រៀងដែលមានរហូតដល់ជាង ៧៥លានបទ ខណ:ដែល Spotify មានត្រឹមតែ ៧០លានបទប៉ុណ្ណោះ។

ក្រោយពីទិញយកក្រុមហ៊ុន Primephonic នេះរួច ក្រុមហ៊ុន Apple បិទសេវាកម្ម Music Streaming របស់ Primephonic នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ ដោយអ្នកប្រើប្រាស់ Primephonic នឹងទទួលបានការផ្ដល់ជូនសេវាកម្ម Apple Music ចំនួន ៦ខែឥតគិតថ្លៃ ពី Apple វិញ។

លោក Steve Jobs ស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ Apple ធ្លាប់បានប្រកាសឱ្យដឹងថា ក្រុមហ៊ុន Apple គឺមានគោលការណ៍មួយ ដោយដាក់គោលដៅទិញយកក្រុមហ៊ុនតូចៗយ៉ាងតិចឱ្យបានចំនួន ១០ក្នុងមួយឆ្នាំៗ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែអស្ចារ្យឡើង និងមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើទីផ្សារយូរ៕