(កូរ៉េ)៖បើតាមផលិតកម្ម YG បានឲ្យដឹងថា អាល់ប៊ុមចម្រៀងទោលដំបូងរបស់ Lisa ដែលមានចំណងជើងថា «Lalisa» គឺមានចំនួនអ្នកកុម៉្មង់ទុកមុនលើសពី ៧០០,០០០បន្ទះ ត្រឹមរយៈពេល៤ថ្ងៃប៉ុណ្ណោះ។ ប្រការនេះ បានធ្វើឲ្យ Lisa សមាជិក BLACKPINK បំបែកកំណត់ត្រា ក្លាយជាម្ចាស់អាល់ប៊ុម ដែលមានការកុម៉្មង់ទុកមុនច្រើនជាងគេ សម្រាប់ផ្នែកតារា K-POP នារីទោល ដែលមិនធ្លាប់មាននរណាបំបែកកំណត់ត្រាធំនេះបាន នាពេលកន្លងមក។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការកុម្ម៉ង់ទិញអាល់ប៊ុមរបស់ Lisa ទុកមុនជាមួយចំនួនដ៏ច្រើនក្នុងរយៈពេល៤ថ្ងៃនេះ គឺមិនត្រឹមតែពីសំណាក់គាំទ្រនៅកូរ៉េខាងត្បូងប៉ុណ្ណោះទេ ពោលគឺអ្នកគាំទ្ររបស់ Lisa ជុំវិញពិភពលោកបានធ្វើការកុម្ម៉ង់អាល់ប៊ុមថ្មីនេះ ដែលមានដូចជាអ្នកគាំទ្រមកពី សហរដ្ឋអាមេរិក, ចិន, ជប៉ុន, អឺរ៉ុប, និងនៅអាស៉ីអាគ្នេយ៍ជាដើម។

គួរជម្រាបថា អាល់ប៊ុមទោលដំបូង របស់ Lisa ដែលមានឈ្មោះថា «LALISA» នឹងចេញជា CD ក៏ដូចជា KiT Album និងថាសចម្រៀង Limited Edition ផងដែរ។ អាល់ប៊ុមនេះ ក៏គ្រោងនឹងចេញផ្សាយផ្លូវការ នៅថ្ងៃទី១០ ខែកញ្ញា តាមរយៈ Platform បទចម្រៀងល្បីៗទូទាំងពិភពលោកថែមទៀតផង៕