(សៀមរាប)៖ ដេីម្បីសម្រួលដល់ការដ្ឋានជួសជុលផ្នែកខាងលិចនៃប្រាសាទភិមានអាកាស ដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំនោះ អាជ្ញធរជាតិអប្សរា នឹងការបិទការឡើងចុះទស្សនាតាមផ្នែកខាងលិចនៃប្រាសាទនេះជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១តទៅ រហូតដល់ជួសជុលរួចរាល់។

តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣១ ខែសីហានេះ បានឲ្យដឹងថា បច្ចុប្បន្ន ប្រាសាទភិមានអាកាសកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងហានិភ័យខ្ពស់ ដោយសារកត្តាអាយុកាល និងធម្មជាតិ។

ដោយសង្កេតឃើញពីបញ្ហានៅចំពោះមុខនេះ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបាននិងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោងសម្រាប់ការងារជួសជុលបន្ទាន់។ ដូចនេះហេីយដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងបិទការ
ឡើងចុះទស្សនាប្រាសាទភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់៕