(ប៉ារីស)៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ត្រូវបានរាយការណ៍ថា នឹងបន្តលេងនៅក្លិបបារាំង Paris Saint-Germain ដដែលនារដូវក្តៅនេះ បន្ទាប់ពីក្លិបអេស្ប៉ាញដើរចេញពីកិច្ចចរចា។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Daily Mail នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

សប្តាហ៍មុនភាគីនៅក្របខណ្ឌ La Liga បានព្យាយាមចរចាទិញ Mbappe មុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ ប៉ុន្តែសំណើលើកទី១ តម្លៃចំនួន ១៦០លានអឺរ៉ូ (ឬ ១៨៨លានដុល្លារអាមេរិក) និងសំណើលើកទី២ តម្លៃកើនដល់ ១៨០លានអឺរ៉ូ (ឬ២១១លានដុល្លារអាមេរិក) ត្រូវភាគីនៅក្របខណ្ឌ Ligue 1 ទាត់ចោល។

បើតាមសារព័ត៌មានបារាំងដ៏ល្បីឈ្មោះ L'Equipe បញ្ជាក់ថា សំណើពីភាគីក្លិបនៅអេស្ប៉ាញ ត្រូវផុតកំណត់ត្រឹមម៉ោង ៥ល្ងាច (ម៉ោងនៅអង់គ្លេស) នាថ្ងៃចន្ទ។ ប្រភពពីសារព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថា Real Madrid អាចនឹងរៀបចំសំណើទី៣ រហូតដល់ ២០០លានអឺរ៉ូ ប៉ុន្តែ PSG ធ្លាប់បានប្រកាសថា នឹងព្រមលក់ខ្សែប្រយុទ្ធ Kilian Mbappe ឲ្យទៅ Real Madrid លុះត្រាតែតម្លៃ ២២០លានអឺរ៉ូ (ឬជិត ២៦០លានដុល្លារអាមេរិក)។

ការផ្សាយពី Le Parisien បញ្ជាក់ថា ជាមួយតម្លៃខាងលើ ជាតម្លៃកំណត់ត្រាក្នុងនាមជាកីឡាករដែលមានថ្លៃផ្ទេរខ្ពស់ជាងគេលំដាប់ទី២ តាមពីក្រោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Neymar ដែលត្រូវបាន PSG ទិញពី FC Barcelona រហូតដល់ទៅ ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧។

សូមជម្រាបថា កីឡាករដែលបានជួយឲ្យបារាំងឈ្នះពាន World Cup 2018 វ័យ ២២ឆ្នាំ បានចុះកិច្ចសន្យាលេងឲ្យ PSG កាលពីឆ្នាំ២០១៧ ជាមួយតម្លៃផ្ទេរជាង ១៨០លានអឺរ៉ូ ពីក្លិបបារាំងដូចគ្នា AS Monaco៕