(ភ្នំពេញ)៖ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មីគឺ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ដែលជាផ្នែកមួយធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាព ជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់មូលនិធិព្រីនស៍ ដោយបានរៀបចំ នូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារ សហរដ្ឋអាមេរិក។

ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិ ដែលមានភាពស្រដៀងគ្នានានា នៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើង នៅក្នុងតំបន់ បាននឹង កំពុងខិតខំ ប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាព របស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធ ក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឱ្យដឹងថា ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មីគឺត្រូវបានណែនាំ ដើម្បីបង្ហាញពីសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងក្នុង ការបង្កើតក្របខណ្ឌ យ៉ាងត្រឹមត្រូវដែលអាចនាំមកនូវភាពចាំបាច់នៃ ការផ្លាស់ប្តូរសង្គម ប្រកបដោយនិរន្តរភាពនិងការ ទទួលខុសត្រូវក្នុងរយៈពេលវែង។ ដោយដើរតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាព យេនឌ័រ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃ និងត្រួតពិនិត្យដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយសម្រាប់ពេលអនាគត។

ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគ សម្ភារបរិក្ខារ ការពារខ្លួន (PPE) ចំនួន ១១០ ០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។

សកម្មភាពទាំងនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកាលពី ខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជា ក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១លានដូសកាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតប របស់ក្រុមហ៊ុន សាជីវកម្មទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា មូលនិធិព្រីនស៍សង្ឃឹមថា ការកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា នឹងដឹកនាំក្រុមការងាររបស់នៅមូលនិធិព្រីនស៍ តាមរយៈយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន «ការកសាងជីវិតកាន់តែប្រសើរ» សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការវិនិយោគទឹកប្រាក់ជាង ២ពាន់លាន ដុល្លារ សហរដ្ឋអាមេរិក លើគម្រោងក្នុងស្រុក។ ការធានាបាននូវការស្តារឡើងវិញរបស់កម្ពុជា គឺជាកិច្ចខិតខំប្រឹងប្រែងនារយៈពេលវែង ដែលនៅតែវិនិយោគ លើអនាគត របស់ប្រទេសកម្ពុជា ហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ដើម្បីធានាបាននូវភាពជោគជ័យបន្តជានិរន្តរ៍របស់មូលនិធិព្រីនស៍។

សូមបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជា ដែលមានអង្គភាពជាច្រើន ធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន Prince Holding Group នៅកម្ពុជារួមមានក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group។ ក្រុមហ៊ុន Prince Holding Group មានអាជីវកម្មជាង ៨០នៅក្នុងប្រទេសកម្ពុជា ដែលកំពុង ប្រតិបត្តិការ លើការអភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យជីវិតរស់នៅ៕