(កូរ៉េ)៖ ក្រុមការងាររបស់តារាស្រី Yeonwoo នៅទីបំផុត បានចេញលិខិតជាផ្លូវការមួយ ដើម្បីធ្វើការបដិសេដ ចំពោះការលើកឡើងថា តារាស្រី Yeonwoo មានទំនាក់ទំនងស្នេហាជាមួយតារាល្បី Lee Min Ho រយៈពេល៥ខែមកហើយនោះ គឺជារឿងមិនពិតឡើយ។ ការសង្ស័យពីទំនាក់ទំនងស្នេហា របស់តារាប្រុសស្រីទាំងពីរ បន្ទាប់ពីមានរូបភាពស្និទ្ធស្នាលរបស់ពួកគេ ត្រូវបានបង្ហាញឡើងនាពេលថ្មីៗនេះ។

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ផលិតកម្ម MLD Entertainment ដែលជាភ្នាក់ងាររបស់តារាស្រី Yeonwoo បានបញ្ជាក់ថា Yeonwoo និងតារាប្រុស Lee Min Ho មានទំនាក់ទំនងត្រឹមតែជាមិត្តជិតស្និទ្ធប៉ុណ្ណោះ ពោលគឺពុំមានស្នេហាជាមួយគ្នាឡើយ។

ការបញ្ជាក់បែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីគេហទំព័រ Dispatch ចុះផ្សាយថា លោក Lee Min Ho និង Yeonwoo បានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាស្ងាត់ៗ រយៈពេល៥ខែមកហើយ។ តែយ៉ាងណា ក្រោយដំណឹងនេះត្រូវបានផ្សព្វផ្សាយ ក្រុមការងាររបស់ Lee Min Ho ក៏បានចេញមកបដិសេដថា មិនមែនជាការពិតនោះទេ ខណៈរូបថតដែល Dispatch ថតជាប់ឃើញអ្នកទាំងពីរជិះឡានជាមួយគ្នានោះ ត្រូវបានក្រុមការងារ Lee Min Ho បញ្ជាក់ថា ពួកគេចេញទៅដើរលេងខាងក្រៅជាមួយគ្នា និងជាមួយមិត្តភក្តិផ្សេងទៀត មិនមែនពួកគេចេញក្រៅតែ២នាក់ទេ តែជាលក្ខណៈក្រុម៕