(ភ្នំពេញ)៖ លោក សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ដែលទទួលបានសិទ្ធិសាងសង់ភូមិកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោបានធ្វើការអះអាងចំពោះមុខសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថា នឹងមិនធ្វើឲ្យខូចកិត្តិយសជាតិឡើយ ពោលគឺនឹងពន្លឿនការសាងសង់ឲ្យបានរួចរាល់តាមផែនការ ដើម្បីត្រៀមស្វាគមន៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។
ការអះអាងរបស់តំណាងក្រុមហ៊ុនខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព នៃការសាងសង់ភូមិកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងមានការចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។
ក្រោយបញ្ចប់កិច្ចប្រជុំ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា «ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនសាងសង់ភូមិកីឡា គឺបានបំពេញកាតព្វកិច្ចក្នុងការរៀបចំឲ្យមានវឌ្ឍនភាពការងារសាងសង់ឲ្យទាន់ពេលវេលា ហើយតាមការអះអាងឡើងវិញរបស់លោក សៀ ឬទ្ធី គឺថា នឹងមិនធ្វើឲ្យខូចកិត្តិយសរបស់ជាតិជាតិទេ នឹងសាងសង់ឲ្យបានរួចរាល់តាមផែនការ»។
លោកបន្ដថា «ការធានា និងអះអាងឡើងវិញរបស់ក្រុមហ៊ុន បានធ្វើឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ មានទំនុកចិត្ត ពិសេសខាងជំនាញ សម្រាប់តម្រូវការចាំបាច់មួយចំនួនឲ្យក្រុមហ៊ុនមានការគិតគូបន្ថែម។ អ្វីដែលសំខាន់ គឺការផ្ដល់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចឲ្យបានទាន់ពេលវេលា និងបន្ថែមនូវតម្រូវការចាំបាច់ផ្នែកបច្ចេកទេសមួយចំនួន ដែលឯកឧត្តមបណ្ឌិត ថោង ខុន ក៏ដូចជាអគ្គលេខាថិការ CAMSOC បានលើកឡើង»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ថែមថា «អញ្ចឹងការងារទាំងអស់ត្រូវធ្វើឲ្យបានចប់សព្វគ្រប់ក្នុងដំណើរការនៃការវិវឌ្ឍន៍ភូមិកីឡា ដែលជាចំណុចយុទ្ធសាស្ត្រសំខាន់ ដើម្បីជំរុញឲ្យការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ គឺការស្នាក់នៅ-ហូបចុក ដែលមានលក្ខណៈស្តង់ដាអន្តរជាតិខាងផ្នែករៀបចំការប្រកួតកីឡា ដែលតម្រូវឲ្យមានភូមិកីឡា សម្រាប់ស្វាគមន៍ប្រតិភូ និងអត្តពលិក ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងកិត្តិយសជាតិ»។
សូមបញ្ជាក់ថា ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ ៨ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង ១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតងដែលមានទីធ្លារធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមមុនៗទៀតផង។
ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិកខ្ទង់ ១ម៉ឺននាក់ ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ តាមផែនការក្រុមហ៊ុនបានសន្យាថា ការសាងសង់គម្រោងនេះ នឹងត្រូវបញ្ចប់នាចុងឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យគណៈកម្មាធិការជាតិ CAMSOC ប្រើប្រាស់ឲ្យបានទាន់ពេលវេលានៃកាលបរិច្ឆេទរៀបចំស៊ីហ្គេម ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕