(ចិន)៖ ByteDance ដែលជាក្រុមហ៊ុនមេធំរបស់ TikTok បានបោះជំហ៊ានទៅមុខមួយទៀតតាមរយ:ការទិញក្រុមហ៊ុនផលិតឧបករណ៍ Virtual Reality (VR) ដែលមានឈ្មោះថា Pico ដើម្បីពង្រីកវិសាលភាពនៃការកម្សាន្តឱ្យកាន់តែសម្បូរបែប និងកាន់តែអស្ចារ្យ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងទិញលក់នេះមិនត្រូវបានបង្ហាញលម្អិតឡើយ ជាពិសេសគឺតម្លៃ ខណ:ដែល Pico បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតឧបករណ៍ VR ធំលំដាប់ទី៣ កាលពីដើមឆ្នាំ២០២១ ដោយបានលក់ឧបរណ៍ VR កើនឡើងជិត ៤៥ភាគរយ។

Pico គឺជាក្រុមហ៊ុនបច្ចេកវិទ្យា start-up ថ្មីមួយដែលមានសមត្ថភាពអាចផលិតឧបរណ៍ VR បានទាំង Hardware និង Software ជាពិសេសគឺបុគ្គលិកពោរពេញដោយមនុស្សដែលមានបទពិសោធន៍ខាងឧបករណ៍ VR។

គោលបំណងនៃការទិញក្រុមហ៊ុន Pico ពីសំណាក់ ByteDance គេត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែគេនៅចាំបានថា កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន ByteDance បានទិញ ក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទមួយដែលមានឈ្មោះថា Moonton ក្នុងតម្លៃ ៤ពាន់លានដុល្លារ ដោយនៅពេល នេះ ByteDance បានបង្ហើបឱ្យដឹងថា Moonton នឹងមិនមែនផលិតតែហ្គេមសម្រាប់ទូរស័ព្ទនោះទេ ដូច្នេះមានន័យថា ByteDance នឹងឱ្យ ក្រុមហ៊ុន Moonton ផលិតហ្គេមសម្រាប់ឧបករណ៍ VR។

បើសិនជា ByteDance ពង្រីកវិសាលភាពនៃឧបករណ៍ VR ទៅកាន់ទីផ្សារហ្គេមមែននោះ នោះក្រុមហ៊ុន Facebook នឹងក្លាយជា គូរ ប្រជែង ដំបូងគេបំផុត ខណ:បច្ចុប្បន្នឧបករណ៍ VR របស់ Facebook ដែលមានឈ្មោះថា Oculus VR កំពុងតែឈានមុខគេលើការលេងហ្គេម នៅលើ ឧបករណ៍មួយនេះ៕