(ភ្នំពេញ)៖ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test ចំនួន ៥ម៉ឺនឈុតទៀត ដែលជាអំណោយឧបត្ថម្ភរបស់ វឌ្ឍនៈ គ្រុប និងក្រុមហ៊ុន PHASE SCIENTIFIC នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

បន្ថែមលើចំនួន ៥ម៉ឺនឈុតដែលបានប្រគល់ជូនក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១០ម៉ឺនឈុត ស្មើនឹងថវិកា ១លានដុល្លាសហរដ្ឋអាមេរិក។

នេះជាការបន្តរួមចំណែកគាំទ្រយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន កើតចេញពីការវិនិយោគដោយធនធានក្នុងស្រុកផ្ទាល់សុទ្ធសាធ ដូចជា ធនាគារ វឌ្ឍនៈ, ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី, សណ្ឋាគាររ៉ូសវូដ, វឌ្ឍនៈ អេហ្វ&ប៊ី, វឌ្ឍនៈ អ៊ិនវេសមេន, វឌ្ឍនៈ ប្រូវើរី, វឌ្ឍនៈ Golf Resort និងវឌ្ឍនៈ វីល ។ល។

ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន PHASE SCIENTIFIC ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានមូលដ្ឋាននៅទីក្រុង ហុង កុង។

ក្រុមហ៊ុន PHASE SCIENTIFIC បានឱ្យដឹងថា ថ្មីៗនេះ ស្ថាប័នម្ហូបអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (US Food and Drug Administration) បានធ្វើការសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើគុណភាព និងប្រសិទ្ធភាពនៃឧបករណ៍តេស្តរហ័ស ពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test តាមសំណើរបស់ក្រុមហ៊ុន ហើយជាលទ្ធផលបានផ្តល់ការអនុញ្ញាតដាក់ឱ្យប្រើប្រាស់បន្ទាន់ (Emergency Use Authorization) នូវឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩នេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែមានទំនុកចិត្តខ្លាំងឡើងថែមទៀត។

បច្ចុប្បន្ន ឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test បានទទួលការពេញនិយមគាំទ្រកាន់តែច្រើនឡើងនៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពី ត្រូវបាននាំចូលនិងផ្គត់ផ្គង់ដោយក្រុមហ៊ុន Horographykarat Co. Ltd ដែលមានអ្នកឧកញ៉ា HOLIC TANDIJONO ជាស្ថាបនិក។ គួររំលឹកផងដែរថា ឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានលក្ខណៈពិសេសៗជាច្រើនដូចជា៖

*ការទទួលបានម៉ាកសញ្ញា CE ដែលបញ្ជាក់អំពីភាពអនុលោមតាមបទដ្ឋានរបស់សហភាពអឺរ៉ុប
*លក្ខណៈសាមញ្ញងាយស្រួលប្រើ និងអាចផ្តល់លទ្ធផលតេស្តយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ២០នាទីប៉ុណ្ណោះ ដោយពុំចាំបាច់ត្រូវការឧបករណ៍ ឬសម្ភារអ្វីជំនួយបន្ថែមទៀតនោះទេ
*ការវាយតម្លៃទទួលស្គាល់អំពីភាពត្រឹមត្រូវ តាមរយៈការពិសោធន៍សាកល្បងលើសំណាកគំរូក្នុងទ្រង់ទ្រាយដ៏ធំជាងគេបំផុតនៅក្នុងលោក។ល។

ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានដាក់លក់នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី (អគារលេខ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយអតិថិជនក៏អាចធ្វើការសាកសួរសម្រាប់ព័ត៌មានបន្ថែមអំពី ឧបករណ៍តេស្តរហ័ស INDICAID COVID-19 Rapid antigen test នៅគ្រប់សាខាធនាគារ វឌ្ឍនៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ +៨៥៥-១១-៧៧២២១១ ឬចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE៕