(សៀមរាប)៖ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ចៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្ការការបាក់ធ្លាក់មែកឈើ ឬដួលរលំដើមឈើ ដែលនឹងអាចបណ្តាលឲ្យខូចខាតដល់ចម្លាក់ថ្មបង្កាន់ដៃនាគផង និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាទេសភាពខ្លោងទ្វារ អាជ្ញាធរជាតិអប្សរាបានពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យខ្ពស់។
ដើមឈើដែលបានកាត់ដកហូត រួមមាន៖ ដើមពង្រតូចៗ ១១ដើម ស្នាយ ២ដើម អាកាស្យា ១ដើម ស្វាយ ១ដើម ឈើទាលតូច ១ដើម ខ្ចាស់ ១ដើម និងស្លែងតូច ១ដើមដែលស្ថានភាពដើមឈើទាំងនេះដុះទ្រេតជាប់នឹងរចនាសម្ពន្ធ ថ្មប្រាសាទ មានមែកដុះគ្របពីលើបង្កាន់ដៃនាគ។ ចំណែកដើមឈើបានកាត់ក្រីមែកចំនួន ២២ មែកចេញ មានឈើទាល ៦ដើម ចាន់ ១ដើម និងសិរមាន់ ១ដើម។
ជាមួយគ្នានោះ ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ក៏បានរៀបចំតម្រង់បង្គោលឱ្យត្រង់ និងបរិក្ខារទេសចរណ៍មួយចំនួនឡើងវិញ ក្នុងគោលបំណងដើម្បីធ្វើឱ្យមានសោភ័ណភាពល្អ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ៕