(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) សហការជាមួយក្រុមការងារវ៉ាក់សាំង នៃក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែកញ្ញានេះ បានបន្ដយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទ AstraZeneca ដល់ថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះក៏មានក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេម នៅវៀតណាមនាឆ្នាំ២០២២ ផងដែរ ដែលមានចំនួនសរុប ៦៧៣នាក់។

នេះជាលើកទី២ ហើយ ដែលគណៈកម្មាធិការជាតិ CAMSOC រៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដល់ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ពិសេសក្រុមជម្រើសជាតិ ដែលត្រៀមបោះជំរំហ្វឹកហាត់ទាំងក្នុងប្រទេស ក៏ដូចជាត្រៀមចេញទៅហ្វឹកហាត់នៅចិននាពេលឆាប់ៗខាងមុខ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

មន្ដ្រីសម្របសម្រួល CAMSOC បានបញ្ជាក់ថា ថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទទួលបានវ៉ាក់សាំងដូសទី៣ ថ្ងៃនេះ មកពី ៣៧សហព័ន្ធកីឡាជាតិ ស្មើនឹង ៥៤៩នាក់។ រីឯក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រៀមចូលរួមសម្ដែងក្នុងពិធីទទួលទង់ស៊ីហ្គេមពីវៀតណាម នាឆ្នាំ២០២២ ខាងមុខ គឺមានចំនួន ៧២នាក់ រួមទាំងក្រុមការងារ និងបុគ្គលិកប្រចាំការ នៅពហុកីឡដ្ឋានជាតិមរតកតេជោចំនួន ៥២នាក់ សរុបចំនួន ៦៧៣នាក់។ ដូច្នេះសរុបការចាក់ដូសទី៣ ទាំង ២លើក គឺមានចំនួន ១,៨៥៣នាក់។

តាមការអះអាងដដែលបន្ដថា ការចាក់ដូសទី៣ ដល់កីឡាករ-កីឡាការិនី នៅមិនទាន់បញ្ចប់នោះទេ ពិសេសក្រុមជម្រើសជាតិថ្នាលអាយុពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលទើបចាក់ដូសទី២ កាលពីចុងសីហា ពួកគេនឹងត្រូវចាក់ដូសទី៣ បន្ដទៀត ក្នុងករណីពួកគេត្រូវបន្ដបោះជំរំហ្វឹកហាត់ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនភាពស៊ាំ និងទំនុកចិត្តក្នុងការហ្វឹកហាត់ត្រៀមការប្រកួតអន្ដរជាតិនានា៕