(តូក្យូ)៖ កីឡាករជនពិការកម្ពុជា វ៉ាន វ៉ុន បានបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រហើយ ដោយទទួលបានចំណាត់ថ្នាក់លេខ៧ ជាមួយការប្រើថិរវេលា ១៤.២១វិនាទីនៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (2020 Tokyo Paralympic Games) នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែលមានបេក្ខភាពប្រជែងមេដាយ ៨រូបនេះ មេដាយមាសបានទៅកីឡាករថៃ Athiwat Paeng-Nuea ប្រើថិរវេលា ១៣.៧៦វិនាទី ខណៈអតីតម្ចាស់មេដាយនៅទីក្រុង Rio ឆ្នាំ២០១៦ កីឡាករហ្វាំងឡង់ Leo Pekka Tahti ទទួលបានត្រឹមមេដាយប្រាក់ ដោយប្រើថិរវេលា ១៣.៨៥វិនាទី និងមេដាយសំរឹទ្ធបានទៅកីឡាករម៉ិកស៊ិក Juan Pablo Garcia ប្រើថិរវេលា ១៣.៨៧វិនាទី។

សម្រាប់កីឡាករកម្ពុជា វ៉ាន វ៉ុន ទោះបីមិនអាចសម្រេចក្ដីស្រមៃដណ្ដើមមេដាយជូនជាតិ តែនេះជាជោគជ័យថ្មីមួយរបស់ខ្លួន ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក។ អ្វីដែលពិសេស បើប្រៀបធៀបសិទ្ធផលរវាងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងវគ្គជម្រុះក្នុងស៊េរី វ៉ាន វ៉ុន ធ្វើបានកាន់តែល្អ ដ្បិតក្នុងការប្រកួតជម្រុះព្រឹកមិញ កីឡាករប្រណាំងរទេះរូបនេះប្រើថិរវេលា ១៤.៣៩វិនាទីក្នុងវិញ្ញាសាប្រណាំងរទេះ T54 ចម្ងាយ ១០០ម៉ែត្រដូចគ្នា៕