(អាក្រា)៖ ប្រទេសហ្គាណា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាហ្វ្រិក (African Games) នៅក្នុងឆ្នាំ២០២៣, នេះបើតាមសម្តី លោកប្រធានាធិបតីហ្គាណា Nana Addo Dankwa Akufo-Addo ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។

លោកប្រធានាធិបតី បានផ្តល់ការធានាបែបនេះ នៅពេលដែលគាត់កាត់ស្មៅ សម្រាប់ការសាងសង់ទីលានកីឡា នៅទីក្រុងអាក្រា ក្នុងតម្លៃ១៩៥លានដុល្លារ សម្រាប់ការប្រកួតកីឡាអាហ្រ្វិក លើកទី១៣នេះ។

«ខ្ញុំធានាដល់សហភាពអាហ្រ្វិកថា ហ្គាណាបានត្រៀមខ្លួនរួចរាល់ហើយ, មានឆន្ទៈ និងអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាហ្រ្វិក ដែលទទួលបានជោគជ័យបំផុត និងគួរឱ្យចងចាំបំផុត», នេះបើតាមសម្តីលោក Nana Akufo-Addo បានលើកឡើង។ លោកបន្ថែមថា ការសាងសង់ទីលានប្រកួតកីឡានេះ គឺជាមរតកល្អបំផុតមួយ សម្រាប់ព្រឹត្តិការណ៍កីឡានេះ។

ទីលានកីឡានេះ រួមមានទីលានកំដៅអត្តពលិក ជាមួយនឹងទីលានបាល់ទាត់ សំរាប់អ្នកឈរទស្សនា៥០០នាក់, អាងហែលទឹក ដែលមានកៅអីអង្គុយទស្សនា១,០០០នាក់, អាងហែលទឹកកំដៅសាច់ដុំ និងកន្លែងអង្គុយបណ្ដោះអាសន្ន៥០០កៅអី សម្រាប់ការប្រកួតបាល់លេងដោយដៃ (Handball), កីឡាយូដូ, ការ៉ាតេ និងតេក្វាន់ដូ។

ទីលានមួយទៀត នឹងជាសាលកីឡាពហុបំណង សម្រាប់កីឡាវាយសី, កីឡាប្រដាល់, បាល់ទះ, កីឡាលើកទម្ងន់ និងទីលានវាយកូនបាល់ ចំនួន៥។

លោកប្រធានាធិបតី បានប្រាប់ឲ្យដឹងដែរថា គម្រោងដំបូង ដែលគ្រោងនឹងសាងសង់ពហុកីឡដ្ឋាន មានសមត្ថភាពផ្ទុកអ្នកទស្សនា៥០,០០០នាក់នោះ ត្រូវបានរចនាឡើងវិញ ព្រោះតែការសាងសង់ ត្រូវបានពន្យារពេល ដោយសារតែការរីករាលដាលជាសាកល ពីជំងឺ COVID-19៕