(មេនឆេស្ទ័រ)៖ កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Cristiano Ronaldo នៅថ្ងៃពុធនេះ បានប្តេជ្ញានឹងជួយក្លិប Manchester United ឲ្យឈ្នះពានរង្វាន់ធំៗ ជាថ្មីម្តងទៀត, ដោយបានហៅការវិលត្រឡប់ មកកាន់ក្លិបវិញរបស់លោក ថា «ជាការសម្រេចចិត្តដ៏ល្អបំផុត» និងជាចាប់ផ្តើមសម័យកាលថ្មីមួយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានចុះកិច្ចសន្យាវិលត្រឡប់ទៅកាន់ក្លិប United វិញ, ជាទីកន្លែងដែលលោកធ្លាប់ ចំណាយពេល៦រដូវកាល ចម្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០០៩ និងបានឈ្នះពានរង្វាន់កិត្តិយសសំខាន់ៗ ចំនួន៨គ្រឿង, ពីក្លិប Juventus ក្នុងសប្តាហ៍នេះ លើកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្ត១ឆ្នាំបន្ថែមទៀត។

«ខ្ញុំគិតថា វាគឺជាការសម្រេចចិត្តដ៏ល្អបំផុត ដែលខ្ញុំបានធ្វើឡើង។ វាត្រឹមត្រូវក្នុងទស្សនៈរបស់ខ្ញុំ... ខ្ញុំចង់បន្តវាម្តងទៀត, ដើម្បីបង្កើតប្រវត្តិសាស្ត្រ, ដើម្បីព្យាយាមជួយ Manchester សម្រេចបាននូវលទ្ធផលដ៏អស្ចារ្យ, ដើម្បីឈ្នះពានរង្វាន់ និងដើម្បីឈ្នះនូវអ្វីដែលអស្ចារ្យ», នេះបើតាមសម្តីកីឡាករវ័យ៣៦ឆ្នាំរូបនេះ បានប្រាប់គេហទំព័ររបស់ក្លិប។

Ronaldo បានលើកឡើងដែរថា លោក Alex Ferguson, អតីតអ្នកចាត់ការក្លិប United ដែលបានចុះកិច្ចសន្យាលើកដំបូងជាមួយលោក ក្នុងគ្រាដែលលោកអាយុ១៨ឆ្នាំ ផ្ទេរមកពីក្លិប Sporting Lisbon ក្នុងឆ្នាំ២០០៣នោះ, បានដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យលោក វិលត្រឡប់មកលេងនៅពហុកីឡដ្ឋាន Old Trafford នេះវិញ។

គួរបញ្ជាក់ថា Ronaldo កំពុងបំពេញតួនាទីអន្តរជាតិ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់, ដែលនឹងត្រូវជួបក្រុមអៀរឡង់ ក្នុងការប្រកួតវគ្គជម្រុះ World Cup នាយប់ថ្ងៃពុធនេះ។ លោកត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូង លេងឲ្យក្លិប United នៅក្នុងការធ្វើជាម្ចាស់ផ្ទះ ប្រកួតប៉ះនឹងក្រុម Newcastle United នៅថ្ងៃទី១១ ខែកញ្ញាខាងមុខ បន្ទាប់ពីការសម្រាកអន្តរជាតិ៕