(អាមេរិក)៖ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបាននិងកំពុងតែត្រៀមរៀបចំពាក្យជាលើកទី២ សម្រាប់ប្ដឹងក្រុមហ៊ុនយក្សអាមេរិក Google លើបទចោទប្រកាន់ប្រើប្រាស់ការផ្សាយពាណិជ្ជកម្មឌីជីថលតាមប្រព័ន្ធអនឡាញផ្ដាច់មុខ (digital advertising) ដែលបានល្មើសនឹង ច្បាប់ប្រកួតប្រជែង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីខែតុលាកន្លងទៅនេះ ក្រសួងយុត្តិធម៌អាមេរិកបានប្ដឹងក្រុមហ៊ុន Google ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានប្រើប្រាស់ឥទ្ធិពល និងអំណាចដែលខ្លួនមានដើម្បីបំបាក់គូប្រជែង ដែលជាវាទង្វើខុសច្បាប់ ខណ:ដែលសវនាការនឹងត្រូវបើកនៅខែកញ្ញាឆ្នាំ២០២៣។

ប្រភពខាងលើបានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបាននិងកំពុងតែប្រមូលភស្ដុតាងបន្ថែម ជាពិសេសគឺត្រៀមពាក្យបណ្ដឹងថ្មីៗដែលពាក់ព័ន្ធនឹងពាក្យបណ្ដឹងមុន។

ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន Google បានលើកឡើងថា ខ្លួនធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយឱ្យអាជីវកម្មផ្សេងៗរីកចម្រើនជាពិសេសគឺអាជីវកម្មតូចៗដែលមកសហការ និងផ្សព្វផ្សាយជាមួយនឹងសេវាកម្ម របស់ Google និងមិនបានទៅបង្ខិតបង្ខំនោះទេ។

បើតាមការបញ្ជាក់នៅក្នុងពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមហ៊ុន Google បានព្យាយាមប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ខ្លួនដើម្បី កាន់កាប់ ចំណែកទីផ្សារ Search Engine (ស្វែងរកព័ត៌មាន) នៅក្នុងរថយន្ត, ទូរទស្សន៍, ឧបករណ៍បំពងសំឡេង និង ទូរស័ព្ទដៃជាដើម ខណ:ដែល មានគូប្រជែងជាច្រើនទៀតក៏បានត្រៀមពាក្យបណ្ដឹងគ្រោងនឹងប្ដឹង Google លើករណីនេះផងដែរ៕