(អាមេរិក)៖ ក្រុមហ៊ុន Apple ត្រូវបានគេដឹងថា គ្រោងនឹងប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅចុងខែនេះ ដោយក្នុងនោះក៏មានវត្តិមាន Apple Watch ជំនាន់ថ្មីផងដែរ ប៉ុន្តែនៅពេលនេះមានសេចក្ដីរាយការណ៍ថ្មីមកថា សង្វាក់ផលិតកម្មរបស់ Apple Watch ថ្មីត្រូវបានផ្អាក ដោយសារតែបញ្ហាបច្ចេកទេសមួយចំនួន ហើយប្រហែលជាត្រូវពន្យារពេលប្រកាសបង្ហាញ ឬចេញលក់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា សង្វាក់ផលិតកម្ម Apple Watch ជំនាន់ថ្មីត្រូវបានផ្អាក ឬពន្យារពេល ដោយសារតែបញ្ហាបច្ចេកទេស ក្នុងនោះបញ្ហាធំគឺភាព ស្មុគស្មាញទៅការលើរចនា។ មានន័យថា ក្រុមហ៊ុនដែល ទទួលផលិត Apple Watch ពិបាកក្នុងការផលិតវាឱ្យដូចអ្វីដែល Apple ចង់បាន។

យោងតាមប្រភពដែលជិតស្និទ្ធបានឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់សង្វាក់ផលិតកម្ម Apple Watch កំពុងតែស្វែងរកដំណោះស្រាយ ដើម្បីសម្រេចទៅឱ្យបាននូវសង្វាក់ផលិតកម្មដ៏ច្រើន ព្រោះថាវាជិតដល់ថ្ងៃដែលត្រូវប្រកាសបង្ហាញ និង ដាក់លក់។

ពាក់ព័ន្ធនឹងព័ត៌មាននេះ ត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple ច្រានចោល និងបានបញ្ជាក់ពីគម្រោងនៃការប្រកាសបង្ហាញជាផ្លូវការឡើយ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានចុងក្រោយបានបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងរៀបចំមហាព្រឹត្តិការណ៍ថ្មីមួយនៅថ្ងៃទី២៤ ខែនេះដើម្បីប្រកាសបង្ហាញ iPhone 13 រួមនឹងផលិតផលមួយចំនួនទៀតរបស់ Apple ដែលក្នុងនោះត្រូវបានគេជឿថាក៏មានវត្តមាន Apple Watch ផងដែរ៕