(ភ្នំពេញ)៖ មោទនភាព និងសូមចូលរួមអបអរសាទរចំពោះក្រុមតូរ្យតន្ដ្រី MTC125 ដែលជាគំនិតផ្តួចផ្តើមបង្កើតឡើងដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបានមេដាយប្រាក់ ក្នុងការចូលរួមប្រកួតជាទម្រង់ Concert Band ក្នុងកម្មវិធី «ជើងឯកក្រុមតន្ត្រីអនឡាញអន្តរជាតិម៉ាឡេស៊ី» (Malaysia International Virtual Band Championship)។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ថា៖ «ក្រុមតូរ្យតន្ដ្រី MTC125 នេះ ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានកៀរគរប្រមូលថវិកា ពីសប្បុរសជន ដើម្បីទិញសម្ភារ ឧបករណ៍ភ្លេង និងឧបម្ភត្ថប្រាក់ខែជូនដល់គ្រូបង្ហាត់ និងសិស្សដែលបានមកហ្វឹកហាត់ ព្រមទាំងរៀបចំទីកន្លែងស្នាក់នៅទៀតផង»

លោកថា «បច្ចុប្បន្ននេះ ទោះបីបញ្ហាការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក៏ដោយក្រុមតូរ្យតន្ដ្រី MTC125 នៅតែដំណើរការហ្វឹកហាត់ ដោយគោរពតាមវិធានការនានា ជាពិសេស ៣ការពារ ៣កុំ និងមានការធ្វើតេស្តរហ័សជាប្រចាំ»

សូមជម្រាបថា កាលពីថ្ងៃអាទិត្យទី២៩ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ ក្រុមតូរ្យតន្ដ្រី MTC125 បានចូលរួមប្រកួតជាទម្រង់ Concert Band ក្នុងកម្មវិធី Malaysia International Virtual Band Championship «ជើងឯកក្រុមតន្ត្រីអនឡាញអន្តរជាតិម៉ាឡេស៊ី» ដែលជាការប្រកួតភ្លេងលក្ខណៈអនឡាញខ្នាតអន្តរជាតិ រៀបចំដោយប្រទេសម៉ាឡេស៊ី និងមានការចូលរួមពីបណ្តាប្រទេសចំនួន២២ ក្នុងនោះមានចំនួន៥៣០ បេក្ខភាពក្រុម។

លោកគ្រូ សុខ សុខា ដែលជាអ្នកសម្រួលតន្ត្រី និងបង្ហាត់ក្រុមតូរ្យតន្ដ្រី MTC125 បានបញ្ជាក់ថា ក្រុមតូរ្យតន្ដ្រី MTC125 របស់ព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតដល់វគ្គជម្រុះចុងក្រោយ គឺលទ្ធផលទទួលបានមេដាយប្រាក់ជូនប្រទេសជាតិយើង៕