(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់អាល្លឺម៉ង់ Volkswagen (VW) បានយល់ព្រមបង់ប្រាក់ ៤២លានដុល្លារអាមេរិក ដល់ម្ចាស់រថយន្តនៅសហរដ្ឋអាមេរិក ដើម្បីបញ្ចប់បណ្ដឹងស៊ីវិលមួយពាក់ព័ន្ធនឹងពោងសុវត្ថិភាព Takata ដែលបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្នុងរថយន្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Auto News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

banner

យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថា មានរថយន្តរបស់ក្រុមហ៊ុន VW ចំនួន ១.៣៥លានគ្រឿងដែលមានបញ្ហាពោងសុវត្ថិភាព ហើយមិនមែនមានតែក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់មួយនេះទេ ដែលបានជួបបញ្ហាពោងសុវត្ថិភាពនេះ ពោលគឺមកទល់ពេលនេះ មានក្រុមហ៊ុនផលិតរថយន្តធំចំនួន៧មកហើយដែលបានប្រកាសប្រមូលរថយន្ត និងបង់ប្រាក់សំណងយ៉ាងច្រើនសន្ធឹកដល់ម្ចាស់រថយន្ត។

បញ្ហាពោងសុវត្ថិភាពនេះ គឺវាអាចផ្ទុះ និងបង្កជាបំណែកដែលនាំឱ្យប៉ះពាល់ដល់មនុស្សដែលនៅក្នុងរថយន្ត អាចរងរបួស និង ឈាន ដល់ស្លាប់ ជាក់ស្ដែងក្រុមហ៊ុន Honda Motor Co បានបញ្ជាក់ជាផ្លូវការថា មានមនុស្ស១៩នាក់បានស្លាប់ដោយសារបញ្ហាពោង សុវត្ថិភាពនេះចាប់ពីតាំងពី២០០៩មក និងបានបង់ប្រាក់ ៦០៥លានដុល្លារដើម្បីបញ្ចប់បណ្ដឹងស៊ីវិលដូចគ្នានេះផងដែរ។

ចំណែកក្រុមហ៊ុន Ford Motor Co និង BMW ក៏បានជួបបញ្ហាពោងសុវត្ថិភាពនេះផងដែរ ដោយក្នុងនោះមានអ្នកប្រើប្រាស់នៅ អាមេរិកពីរនាក់បានស្លាប់ ដោយ Ford បង់ប្រាក់ ២៩៩លានដុល្លារ និង BMW បង់ប្រាក់ ១៣១លានដុល្លារដើម្បីបញ្ចប់បណ្ដឹង។

នៅក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា ក្រុមហ៊ុន VW ត្រូវបង់ប្រាក់ឱ្យម្ចាស់រថយន្តលើថ្លៃសេវាកម្មផ្សេងៗដូចជា ថ្លៃជួសជុល ថ្លៃចំណាយលើការថែទាំ ថ្លៃសេវាថែទាំកុមារ និងថ្លៃចំណាយផ្សេងៗ ដូច្នេះហើយទើប VW ត្រូវបង់ប្រាក់សរុប រហូតដល់ ៤២លាន ដុល្លារអាមេរិក៕