(ភ្នំពេញ)៖ ជាការកត់សម្គាល់ បន្ទាប់ពីបញ្ចេញចម្រៀងរ៉េបបែបសម័យ លាយឡំជាមួយចាប៉ីខ្មែរ ដែលជាចម្រៀងរួមគ្នាពីសំណាក់ព្រឹទ្ធាចារ្យ គង់ ណៃ និងតារារ៉េប វណ្ណដា ក្រោមបទចម្រៀងចំណងជើងថា «Time To Rise» គឺកាន់តែធ្វើឲ្យប្រជាប្រិយភាពរបស់តារាចម្រៀង វណ្ណដា មានភាពសុះសាយល្បីល្បាញខ្លាំងឡើង មិនថាក្នុងប្រទេសទេ ថែមទាំងល្បីដល់ក្រៅប្រទេសផងដែរ។ អ្វីដែលគេចាប់អារម្មណ៍ ថ្មីៗនេះ ចម្រៀងមួយបទទៀតជាស្នាដៃរបស់ វណ្ណដា គឺ «Catch Me If You Can» ដែលតាមរយៈបទមួយនេះ បានធ្វើតារាចម្រៀងបែបយុវវ័យ វណ្ណដា ទទួលការចាប់អារម្មណ៍ ពីគេហទំព័របរទេស ចុះផ្សាយពី វណ្ណដា ជាបន្តបន្ទាប់។

ជាក់ស្តែង ថ្មីៗនេះគេហទំព័រ Hip Hop DX បានធ្វើការចុះផ្សាយអត្ថបទមួយ អំពីតារាចម្រៀងកម្ពុជា គឺលោក វណ្ណដា បង្ហាញពីសកម្មភាពក្រៅឆាកមួយចំនួន នៅពេលតារារូបនេះកំពុងថតចម្រៀងថ្មី ចុងក្រោយរបស់ខ្លួន គឺ «Catch Me If You Can» ខណៈចម្រៀងនេះ បច្ចុប្បន្នមានចំនួនអ្នកចូលទស្សនា ជាង៦លានដងហើយ ក្នុង YouTube ក្នុងរយៈពេល២សប្តាហ៍។

តាមរយៈកិច្ចសម្ភាសន៍ជាមួយគេហទំព័រខាងលើ វណ្ណដា បានបង្ហាញពីមូលហេតុនៃការផលិតចម្រៀងនេះឡើង ពោលគឺបានបំផុសគំនិត តាមរយៈការទស្សនាភាពយន្តជាច្រើន ដែលមានលោក Leonardo សម្ដែង ហើយលោក Leonardo គឺជាតារាក្នុងដួងចិត្តរបស់វណ្ណដា ទើបលោកនិងក្រុមការងារលោក សម្រេចផលិតបទចម្រៀងនេះឡើង។

គួរជម្រាបថា បន្ទាប់ពីបញ្ចេញបទចម្រៀងថ្មី «Catch Me If You Can» ដែលទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីទស្សនិកជននោះ ក្រឡេកទៅមើលបទកន្លងទៅ គឺ «Time To Rise» ក៏តារាចម្រៀង វណ្ណដា ទទួលការសរសើរ និងពេញចិត្តពីប្រិយមិត្តអ្នកស្តាប់ ចំពោះស្នាដៃចម្រៀងរបស់គេ។ ប្រកាសនេះបានធ្វើឲ្យ វណ្ណដា ក្លាយជាតារា Hip Hop ល្បីមួយរូបរបស់កម្ពុជា ទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រនៅក្រៅប្រទេស ក៏ដូចគេហទំព័របរទេសជាដើម៕