(មេនឆេស្ទ័រ)៖ ប្រធានក្រុមកីឡាករបាល់ទាត់ ក្លិប Manchester United កីឡាករ Harry Maguire បានសាទរចំពោះការវិលត្រឡប់ របស់កីឡាករខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លិប ហើយថា «ជាកីឡាករដ៏អស្ចារ្យបំផុត សម្រាប់ការប្រកួត» ដែលនឹងមានឥទ្ធិពលយ៉ាងខ្លាំង នៅពហុកីឡដ្ឋាន Old Trafford, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ។

bannerកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៦ឆ្នាំរូបនេះ បានចំណាយពេល៦រដូវកាល លេងនៅក្លិប United ចម្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០០៩, បានឈ្នះពានរង្វាន់ធំៗចំនួន៨, ហើយបានចូលរួមវិញ ជាមួយក្លិប ក្នុងសប្តាហ៍នេះ ផ្ទេរមកពីក្លិប Juventus លើកិច្ចសន្យារយៈពេល២ឆ្នាំ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត។

Ronaldo បានក្លាយជាកីឡាកររកគ្រាប់បាល់ឈានមុខគេ ក្នុងការប្រកួតបាល់ទាត់អន្តរជាតិផ្នែកបុរសទាំងអស់ នៅពេលដែលលោក បានតែតបាល់បញ្ចូលទី២គ្រាប់ ធ្វើឲ្យក្រុមព័រទុយហ្គាល់ឈ្នះ២-១ លើក្រុមអៀរឡង់ នៅក្នុងការប្រកួតវគ្គជម្រុះ World Cup របស់ពួកគេ កាលពីថ្ងៃពុធ។

«វាពិតជាអស្ចារ្យណាស់ដែលមាន Cristiano ចូលរួមជាមួយយើង ហើយនឹងការត្រលប់មកផ្ទះវិញ។ អាជីពរបស់គាត់ បានបង្ហាញប្រាប់ដោយផ្ទាល់, សម្រាប់ខ្ញុំ (គាត់) គឺជាកីឡាករដ៏អស្ចារ្យបំផុត ក្នុងការប្រកួត... ខ្ញុំគិតថា (កីឡាករ) នឹងរៀនសូត្របានច្រើនពីគាត់», នេះបើតាមសម្តី Maguire បានលើកឡើង។

គួរបញ្ជាក់ថា Maguire កំពុងបំពេញតួនាទីអន្តរជាតិ ជាមួយក្រុមជម្រើសជាតិអង់គ្លេស, ដែលនឹងត្រូវប៉ះជាមួយក្រុមហុងគ្រី ក្នុងការប្រកួតវគ្គជម្រុះ World Cup នៅទីក្រុង Budapest របស់ហុងគ្រី នាថ្ងៃព្រហស្បតិ៍នេះ។ ពួកគេ នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមអង់ដូរ៉ា នៅពហុកីឡដ្ឋាន Wembley Stadium នាថ្ងៃអាទិត្យ ហើយនឹងប៉ះជាមួយក្រុមប៉ូឡូញ នៅថ្ងៃទី៨ ខែកញ្ញាខាងមុខ៕