(ភ្នំពេញ)៖ ទឹកបរិសុទ្ធ កម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផលិត និងត្រៀមផ្សាយកម្មវិធី «កម្ពុជាជជែកអំពីសុខភាព» នៅលើហ្វ៊េសប៊ុកផេករបស់ខ្លួនចាប់ពីដើមខែកញ្ញា រហូតដល់ដំណាច់ឆ្នាំ ដើម្បីនាំយកប្រធានបទល្អៗទាក់ទងទៅនឹងបញ្ហាសុខភាពសម្រាប់ជាប្រយោជន៍ដល់សាធារណជន។

កម្មវិធីនេះ នឹងផ្សាយតាមរយៈវីដេអូខ្លីដែលក្នុងប្រធានបទនីមួយៗ បែកចែកជាវីដេអូចំនួន៣ បង្ហោះជាបន្តបន្ទាប់គ្នានៅរៀងរាល់ថ្ងៃសៅរ៍ នៅលើហ្វ៊េសប៊ុកផេក Cambodia Water ឬ https://www.facebook.com/CambodiaWaterOfficial

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «មូលហេតុដែលយើងផលិតកម្មវិធីនេះឡើង គឺដើម្បីចែករំលែកចំណេះដឹងអំពីការថែរក្សាសុខភាពឲ្យបានល្អក្នុងការរស់នៅប្រចាំថ្ងៃ ជាពិសេស ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ បុគ្គលគ្រប់រូបត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត។ ដូច្នេះ យើងជឿជាក់ថាកម្មវិធីនេះនឹងផ្តល់គន្លឹះល្អៗជាច្រើនដល់សាធារណជន»

គួរបញ្ជាក់ថា ក្រៅពីការបង្កើត កម្មវិធីជួយលើកកម្ពស់សុខភាពសាធារណៈ ទឹកបរិសុទ្ធ កម្ពុជា ក៏បានបង្កើតយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដើម្បីចូលរួមសកម្មភាពសង្គម ដោយជួយឧបត្ថម្ភដល់មន្ត្រីបំរើសេវាសាធារណៈនៅតាមមន្ទីរពេទ្យ គោលដៅត្រួតពិនិត្យចរាចរណ៍ អធិការដ្ឋាននគរបាល ក្រសួង និងស្ថាប័ននានា៕