(ក្រុងឡុងដ៍)៖ ម្ចាស់ក្សត្រីអង់គ្លេស Queen Elizabeth II បានក្លាយជាអ្នកគាំទ្រអស់ពីពោះរបស់ Cristiano Ronaldo តាមរយៈការដាក់សំណើពិសេស ក្នុងការបញ្ជាទិញអាវពីក្លិបបិសាចក្រហម Manchester United ដែលមានហត្ថលេខាដោយខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ដំបូងគេបង្អស់។ នេះបើតាមការផ្សាយដោយសារព័ត៌មាន ABP នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

banner

ដំណឹងនេះធ្វើឲ្យកំពូលកីឡាករដែលមានរហស្សនាម CR7 ក្លាយជាមនុស្សដំបូងគេដែលម្ចាស់ក្សត្រី Queen Elizabeth II ចង់បានហត្ថលេខាគាត់។ បើតាមប្រភពពី Sports Innovation Society បញ្ជាក់ដែរថា Queen Elizabeth បានបញ្ជាទិញអាវក្រុមបិសាចក្រហមចំនួន ៨០អាវឯណោះ ខណៈអាវដ៏ពិសេសតែ ១គត់ត្រូវតែមានចុះហត្ថលេខាដោយ Ronaldo ដំបូងគេបង្អស់។

តាមពិតទៅ Queen Elizabeth គឺជាអ្នកគាំទ្រក្លិប West Ham United ដែលជាក្លិបរួមក្របខណ្ឌកំពូលអង់គ្លេស PL ជាមួយក្លិប Man Utd។ Sports Innovation Society បានលុបការបង្ហោះសាររបស់ខ្លួនវិញ ក្រោយពីធ្វើឲ្យអ្នកគាំទ្របាល់ទាត់មានការងឿងឆ្ងល់ពេលឃើញម្ចាស់ក្សត្រី ក្លាយជាអ្នកគាំទ្រកីឡាករក្លិបបិសាចក្រហមវិញយ៉ាងដូច្នេះ។

សូមជម្រាបថា ក្រោយចាកចេញរយៈពេល ១២ឆ្នាំ Manchester United បានចុះកិច្ចសន្យាទិញម្ចាស់បាល់មាស Ballon d'Or ចំនួន ៥លើកពីក្លិបសេះបង្កង់ Juventus មកវិញក្នុងតម្លៃ ២៣លានអឺរ៉ូ ដែលកិច្ចព្រមព្រៀងនេះមានរយៈពេល ២ឆ្នាំ ហើយក្លិបផ្តល់ឲ្យគាត់ជាង ៥៥ម៉ឺនអឺរ៉ូក្នុង ១សប្តាហ៍ (៤៨០,០០០ផោន)។

Juventus បានទិញ Ronaldo ក្នុងតម្លៃជាង ១២២លានអឺរ៉ូជាមួយកិច្ចសន្យា ៤ឆ្នាំពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្រោយចេញពី Manchester United កាលពីខែកក្កដា ឆ្នាំ២០០៩ បន្ទាប់ពីរកគ្រាប់បាល់បាន ១១៨គ្រាប់ក្នុងការចូលលេងបាន ២៩២លើក៕