(ម៉ាឌ្រីដ)៖ ក្លិបអ្នកមានបុណ្យនៅអេស្ប៉ាញ FC Barcelona បានសម្រេចប្រគល់អាវលេខ១០ ទៅឲ្យខ្សែប្រយុទ្ធវ័យក្មេង Ansu Fati ក្រោយការចាកចេញរបស់ខ្សែប្រយុទ្ធ Lionel Messi។ នេះបើយោងតាមការចេញផ្សាយរបស់ ESPN នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

មុនទទួលបានអាវលេខ១០ តាមពិតទៅ Ansu ដែលទើបត្រឡប់មកហ្វឹកហាត់វិញ ក្រោយសម្រាកព្យាបាលរបួសជង្គង់អស់រយៈពេល ៩ខែ ដើមឡើយត្រូវបានគេផ្តល់អាវលេខ១៧ សម្រាប់ការប្រកួតរដូវកាលនេះ។ ពីមុនគាត់បានពាក់លេខ២២ និងលេខ៣៣ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០១៩។

Lionel Messi ដែលបានទៅចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនបន្ទាប់ពីកិច្ចសន្យាផុតកំណត់នៅកីឡដ្ឋាន Camp Nou បានពាក់លេខ១០ តាំងពីឆ្នាំ២០០៨ ប៉ុន្តែកាលពីមុនគាត់ពាក់លេខ៣០ ខណៈដែលឥឡូវនេះ ក៏ពាក់លេខនេះនៅក្លិបបារាំងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន ទទួលមរតកអាវលេខ១០ ពីអតីតកីឡាករ Ronaldinho, Juan Roman Riquelme និង Rivaldo ដែលធ្លាប់ពាក់លេខនេះជាបន្តបន្ទាប់។

Ansu ដែលមានវ័យត្រឹមតែ ១៨ឆ្នាំមិនបានលេងឲ្យក្លិបអ្នកមានបុណ្យតាំងពីរបួសជង្គង់ ពេលប្រកួតប៉ះ Real Betis កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយព្យាបាលរួច គាត់បានត្រឡប់មកហ្វឹកហាត់វិញយ៉ាងពេញលេញនៅចុងខែសីហា ហើយក្លិបសង្ឃឹមថា គាត់នឹងអាចលេងបាន នៅក្នុងខែកញ្ញានេះតែម្តង។

ប្រជាប្រិយភាពកីឡាករសញ្ជាតិអេស្ប៉ាញ បានផ្ទុះខ្លាំងនៅឆ្នាំ២០១៩ ដោយក្លាយជាកីឡាករដំបូងបង្អស់របស់ក្លិប ក្នុងរយៈពេល ៧៨ឆ្នាំ នៅពេលដែលគាត់បង្ហាញខ្លួនចំពេលជ័យជម្នះ ៥-២ ទល់នឹង Betis ត្រឹមតែអាយុ ១៦ឆ្នាំ និង ២៩៨ថ្ងៃ។

១សប្តាហ៍ក្រោយមក គាត់បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាននៅក្របខណ្ឌកំពូលអេស្ប៉ាញ La Liga នៅពេលដែលគាត់ប្រកួតទល់នឹង Osasuna ហើយនៅខែធ្នូ ឆ្នាំដដែលនោះ ជ័យជម្នះលើក្លិបអ៉ីតាលី Inter Milan ធ្វើឲ្យគាត់ក្លាយជាកីឡាករវ័យក្មេងបំផុត ដែលរកគ្រាប់បាល់បាន នៅក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League។

សរុបមក គាត់បានបង្ហាញខ្លួន ៤១ប្រកួតសម្រាប់ក្លិបដំបូងរបស់គាត់ ខណៈដែលរកគ្រាប់បាល់បាន ១៣គ្រាប់។ ឥឡូវនេះ Ansu ក្លាយជាខ្សែប្រយុទ្ធថ្មី ដែលស្ថិតក្រោមការឃ្លាំមើលរបស់មហាជន ក្រោយពី Antoine Griezmann ចាកចេញពីក្លិបមុនទីផ្សារកីឡាករបានបិទនៅយប់ថ្ងៃអង្គារ ទៅចូលរួមជាមួយអតីតក្លិប Atletico Madrid ដោយការខ្ចីជើង ១ឆ្នាំជាមួយលក្ខខណ្ឌទិញដាច់ តាមពីក្រោយ Messi ដែលទៅលេងនៅ Ligue 1។

Barca ក៏បានចុះហត្ថលេខាយក Luuk de Jong ដោយលក្ខខណ្ឌខ្ចីជើងរួចហើយដែរពីក្លិប Sevilla បន្ទាប់ពីទិញបាន Memphis Depay និង Sergio Aguero ក្នុងពេលដោះដូរកីឡាករនារដូវក្តៅនេះ។ Martin Braithwaite និង Ousmane Dembele ដែលទើបរងរបួសថ្មីៗនេះ ក៏ស្ថិតនៅក្នុងជម្រើសជាខ្សែប្រយុទ្ធជាមួយ Yusuf Demir ទៀតផង៕