(ចិន)៖ ក្រុមហ៊ុនលក់ទំនិញយក្សរបស់ចិន Alibaba Group បានប្រកាសថានឹងវិនិយោគក្នុងទឹកប្រាក់ ១០០ពាន់លានយ័ន (១៥.៥ពាន់ លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ ២០២៥ ដើម្បីចូលរួមក្នុងគាំទ្រក្នុងគំនិតផ្ដួចផ្ដើមមួយរបស់ប្រធានាធិបតីចិនលោក Xi Jinping ដែលមានឈ្មោះថា «ភាពចម្រុងចម្រើនសម្រាប់យើងទាំងអស់គ្នា»។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង នាពេលបច្ចុប្បន្នបាននិងកំពុងតែជំរុញ និងលើកទឹកចិត្តដល់ ក្រុមហ៊ុនធំៗនៅក្នុងស្រុកចែករំលែកនូវទ្រព្បសម្បត្តិ (លុយ) ខ្លះ សម្រាប់ ចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយវិសមភាពសង្គមនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅលើពិភពលោក មួយនេះ។
ក្រុមហ៊ុន Alibaba មិនមែនជាក្រុមហ៊ុនទី១នោះទេ ដែលបានចូលរួមនៅក្នុងសកម្មភាពគំនិតផ្ដូចផ្គើមរបស់ប្រធានាធិបតីចិនលោក Xi Jinping នេះ ដោយក្នុងនោះគឺមានក្រុមហ៊ុនផ្ដល់សេវាកម្មកម្សាន្តយក្សរបស់ចិន Tencent Holdings បានប្រកាស វិនិយោគ ១០០ពាន់លានយ័ន (១៥.៥ពាន់ លានដុល្លារអាមេរិក) ដូចគ្នាផងដែរ។
យោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុក និងជាកាសែតដែលគាំទ្ររដ្ឋាភិបាលបានឱ្យដឹងថា ទឹកប្រាក់ ១០០ពាន់យ័ន របស់ Alibaba នេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ជួយជាការឧបត្ថម្ភធន ដល់សហគ្រាសធុនតូច និងមធ្យម (SME) និងជួយ ដល់ វិស័យធានារ៉ាប់រងសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប។
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Alibaba នឹងបង្កើតមូលនិធិមួយដែលមានទឹកប្រាក់ ២០ពានលានយ័ន ដែលមានឈ្មោះថា «common prosperity development fund» ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងផាកពិន័យជាប្រាក់ប្រមាណ ២.៧៥ពាន់លានដុល្លារ អាមេរិក ពីបទប្រើប្រាស់អំណាច និងឥទ្ធិពលរបស់ខ្លួនធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់ ខណៈដែលក្រុមហ៊ុន Tencent ក៏កំពុង ទទួល រងសម្ពាធពីរដ្ឋាភិបាលចិនដូចគ្នា៕