(ភ្នំពេញ)៖ លោក Keisuke Honda ប្រធានក្លិបបាល់ទាត់សូលទីអង្គរ បានផ្ញើសារអបអរសាទរ និងបានផ្ដល់នូវដំបូន្មានមួយដ៏ល្អសម្រាប់ក្រុម បន្ទាប់ពីក្រុមរបស់ខ្លួនស្គាល់ជ័យជម្នះលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ លើក្រុមភ្ញៀវនគរបាលជាតិក្នុងលទ្ធផល ៣-២ ក្រោមការដឹកនាំរបស់គ្រូបង្វឹកវ័យក្មេង លោក អ៊ុក សុធី នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក អ៊ុក សុធី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា «លោក Keisuke Honda ម្សិលមិញ គាត់បានឆាតក្នុងគ្រុប ដោយបានចូលរួមអបអរសាទរ ចំពោះជ័យជម្នះលើកដំបូងក្នុងរដូវកាលនេះ ហើយគាត់បានផ្ដល់ដំបូន្មានមួយដ៏ល្អសម្រាប់ក្រុម គាត់ចង់ឲ្យកីឡាករយើង ជឿជាក់លើសមត្ថភាពខ្លួនឯងបន្ថែមទៀត ព្រោះពេលយើងមានជំនឿជឿជាក់លើខ្លួនឯង យើងជឿជាក់ថា យើងអាចធ្វើបាន យើងនឹងអាចទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត»

សម្រាប់ជ័យជម្នះលើកដំបូងក្នុងជំនួបបង្គ្រប់សប្ដាហ៍ទី៦ នេះដែរ ក៏បានធ្វើឲ្យលោក អ៊ុក សុធី រីករាយ ដ្បិតលោកចាត់ទុកជាជ័យជម្នះដ៏មានសារៈសំខាន់ ដើម្បីបន្ដដំណើរឆ្ពោះទៅមុខទៀត ពិសេសគេចផុតពីតំបន់គ្រោះថ្នាក់ដែលត្រូវកាត់ចេញ។ លោកថា ទោះបីមិនទាន់សុវត្ថិភាព តែតាមរយៈការដណ្ដើមបាន ៣ពិន្ទុពេញនេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលជំរុញឲ្យក្រុមមានទឹកចិត្ត និងកាន់តែខិតខំប្រឹងប្រឺងបន្ថែមទៀត។

អតីតកីឡាកររហស្សនាម Messi ភ្នំពេញក្រោនរូបនេះបន្ដថា «នេះគឺជាជ័យជម្នះមួយដ៏មានអត្ថន័យ និងមានសារៈសំខាន់សម្រាប់ក្រុមទាំងមូល ក៏ដូចជាអ្នកគាំទ្រសម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបនេះ។ និយាយទៅ យើងខកខានស្វែងរកជ័យជម្នះក្នុងទឹកដីជាយូរមកហើយ ចឹងសម្រាប់ការប្រកួតនេះ ខ្ញុំគិតថា ជា ៣ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ក្រុម ហើយជា ៣ពិន្ទុដ៏មានសារៈសំខាន់សម្រាប់ការងារខ្ញុំជាគ្រូបង្វឹកក្លិបអាជីពលើកដំបូងផងដែរ»

សូមបញ្ជាក់ថា ជំនួបនៅកីឡដ្ឋាន SRU ខេត្តសៀមរាបម្សិលមិញ វគ្គទី១ សូលទីឡូអង្គរ បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុនដោយកីឡាករ រ័ត្ន សំណាង និង លី ឌុក។ ប៉ុន្ដែចូលវគ្គទី២ ក្នុងរយៈពេលតែ ៣នាទី ក្រុមនគរបាលជាតិ ក៏វាយបកតាមស្មើវិញ ដោយកីឡាករ Otani Soma នៅនាទី៧២ និងកីឡាករ អ៊ុល រ៉ាវី នៅនាទី៧៥។ ប៉ុន្ដែនៅចុងម៉ោង ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំ រ័ត្ន សំណាង ក៏បានស៊ុតបន្ថែម ១គ្រាប់ទៀត នៅនាទី៩០+១ ដើម្បីធានាជ័យជម្នះលើកដំបូងឲ្យក្រុមសូលទីឡូអង្គរតែម្ដង។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមលោក អ៊ុក សុធី រំកិលចេញពីចំណាត់ថ្នាក់បាតតារាង ទៅឈរលេខរៀងទី១២ បណ្ដោះអាសន្នវិញដោយមាន ៤ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់៨ ខណៈក្រុមនគរបាលជាតិ បានធ្លាក់ចូលប្រអប់ត្រូវកាត់ចេញជាបណ្ដោះអាសន្ន និងមាន ២ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ១០ប្រកួត ស្មើ២ និងចាញ់៨ មិនទាន់ស្គាល់ឈ្នះម្ដងឡើយ៕