(អេសប៉ូ)៖ កីឡាករប្រណាំងរថយន្តហ្វាំងឡង់ Kimi Raikkonen បានប្រកាសថា លោកនឹងចូលនិវត្តន៍ពីការប្រណាំងរថយន្តនៅព្រឹត្តិការណ៍ Formula One នៅពេលបញ្ចប់រដូវកាលឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
កីឡាករប្រណាំងរថយន្តឲ្យក្រុម Alfa Romeo រូបនេះបានសរសេរនៅលើប្រព័ន្ធទំនាក់ទំនងសង្គមថា «វានឹងជារដូវកាលចុងក្រោយរបស់ខ្ញុំ នៅឯព្រឹត្តិការណ៍ Formula 1។ វាមិនមែនជាការសម្រេចចិត្តដែលងាយស្រួលនោះទេ ប៉ុន្តែបន្ទាប់ពីរដូវកាលនេះ វាគឺជាពេលវេលាសម្រាប់កិច្ចការថ្មី»។
Raikkonen វ័យ ៤១ឆ្នាំ គឺជាកីឡាករបើកបររថយន្តដែលមានបទពិសោធន៍ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រ F1 ដោយបានចាប់ផ្តើម ៣៤១ប្រកួត ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០០១ ជាមួយនឹងក្រុម Sauber។
លោកត្រូវបានគេចាត់ទុកថា ជាអ្នកបើកបរម្នាក់ដែលមានល្បឿនលឿនបំផុតនៅលើពិភពលោកនេះ។ លើសពីនេះលោក Raikkonen បានឈ្នះពានរង្វាន់ចំនួន ២១គ្រឿងនៅព្រឹត្តិការណ៍ Grands Prix។ បន្ទាប់ពីខកខានឈ្នះពានរង្វាន់ពិភពលោកក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៥ ខណៈលោកនៅជាមួយក្រុម McLaren នោះ លោកបានផ្លាស់ប្តូរទៅក្រុម Ferrari ក្នុងឆ្នាំ២០០៧ ហើយទទួលបានពានរង្វាន់ជើងឯកនៅក្នុងឆ្នាំនោះ។
តំណែងនៅឯក្រុម Alfa Romeo ត្រូវបានគេមើលឃើញថា នឹងផ្តល់ឲ្យកីឡាករជនរួមជាតិ Valtteri Bottas សម្រាប់រដូវកាលឆ្នាំ២០២២ ជាការបើកផ្លូវ សម្រាប់កីឡាករ George Russell ដែលបើកបរបច្ចុប្បន្ននៅក្រុម Williams នោះ ទៅជំនួសតំណែងកីឡាករ Bottas នៅឯក្រុម Mercedes វិញ៕