(កាតាឡាំង)៖ ក្លិបអេស្ប៉ាញ FC Barcelona បានសម្រេចផ្ទេរខ្សែបម្រើ Miralem Pjanic ទៅកាន់លីគតួកគីនៃក្លិប Besiktas ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំជាមួយ តែមិនមានកិច្ចព្រមព្រៀងមួយដែលអាចទិញផ្តាច់បាននោះទេ បន្ទាប់ពីរូបគេមិនមានទម្រង់លេងក្នុងការបង្ហាញខ្លួនជាមួយរដូវកាលថ្មីនេះស្ថិតក្រោមការដឹកនាំដោយលោក Ronald Koeman និងបញ្ហាហិរញ្ញវត្ថុក្លិប។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
ការដោះដូរកីឡាករត្រូវបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា ខណៈក្លិប FC Barcelona បានសម្រេចផ្ទេរខ្សែបម្រើសញ្ជាតិបូស្នៀ Pjanic ទៅកាន់ក្លិប Besiktes បានដោយសារតែទីផ្សារនៅបន្តបើក ខណៈរូបគេជាខ្សែបម្រើម្នាក់ដែលក្លិប Barcelona ព្យាយាមលក់ចេញផងដែរ ដើម្បីគោលការណ៍កាត់បន្ថយប្រាក់ឈ្នួលនៃហិរញ្ញវត្ថុក្លិបឲ្យមានសភាពធូរស្រាលជាងមុនទៅតាមលក្ខខណ្ឌលីគអេស្ប៉ាញ ហើយរូបគេក៏មិនស្ថិតក្នុងបញ្ជីរបស់អ្នកចាត់ការក្លិប លោក Koeman ផងដែរនៃរដូវកាលឆ្នាំ La Liga 2021-22។
Pjanic បានលេង ៣០ប្រកួតជាមួយក្លិបចាប់តាំងពីរដូវកាល ២០២០-២១ ដោយជាប់ជម្រើស ១៣លើក និងលេងបាន ៩០នាទីពេញបានតែ ៥លើកប៉ុណ្ណោះ ក្នុងនាមជាកីឡាករផ្ទេរមកពីក្លិប Juventus ក្នុងតម្លៃប្រមាណជាង ៥៥លានផោន ដែលបច្ចុប្បន្នរូបគេត្រូវប្រជែងជម្រើសដំបូងជាមួយ Sergio Busquets, Frenkie De Jong និង Pedri ដែលជាជម្រើសខ្សែបម្រើទីមួយរបស់លោក Koeman នៃកីឡដ្ឋាន Camp Nou ហើយការផ្ទេរនេះកើតឡើង បន្ទាប់ពីបរាជ័យនៃជម្រើសក្នុងការវិលទៅកាន់លីគអ៉ីតាលី ដែលលោកធ្លាប់ជោគជ័យជាមួយ Roma និង Juventus កាលពីមុន៕