(អាមេរិក)៖ ចៅក្រមសហព័ន្ធអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា ក្រុមហ៊ុន Apple ប្រហែលជាត្រូវប្រឈមមុខ នឹង ពាក្យបណ្ដឹងថ្មីមួយទៀតទាក់ទងនឹងការកំណត់ឱ្យមុខងារ Siri ស្ដាប់ការសន្ទនារបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមការលើកឡើងរបស់ចៅក្រម Jeffrey White បានឱ្យដឹងថា មុខងារ Siri ត្រូវបាន Apple ដាក់ឱ្យដំណើរការ ដោយ ស្វ័យ ប្រវត្តិ និងកំណត់ (activated) ឱ្យដើរតួនាទីស្ដាប់យកការសន្ទនាជាលក្ខណៈឯកជនរបស់អ្នកប្រើប្រាស់ ក្នុងគោលដៅប្រមូលយក នូវ ព័ត៌មានផ្សេងៗ រួចបញ្ជូនទៅឱ្យក្រុមហ៊ុន ដូចជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។

អតិថិជន Apple ម្នាក់បានលើកឡើងថា រូបគាត់បានពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតផ្ទាល់ខ្លួនជាលក្ខណៈឯកជនតាមរយៈទូរស័ព្ទដៃ របស់ គាត់ ពាក់ព័ន្ធនឹងការព្យាបាលជំងឺរបស់គាត់ដោយវះកាត់ ហើយក្រោយពីគាត់បានពិភាក្សារួចស្រាប់តែគាត់បានទទួល សារ ពាណិជ្ជកម្មទាក់ទងនឹងការវះកាត់របស់គាត់។

ចំណែកអតិថិជន Apple ពីរនាក់ផ្សេងទៀតបាននិយាយថា ពួកគេបាននិយាយគ្នាអំពីស្បែកជើង Air Jordan និងវែនតាន ការពារ កម្ដៅថ្ងៃ ស្រាប់តែមួយរយៈក្រោយមក ពួកគេបានទទួលការផ្សព្វផ្សាយពាណិជ្ជកម្មអំពីអ្វីដែលពួកគេបាននិយាយ។

ពាក់ព័ន្ធនឹងបញ្ហានេះ ខាងក្រុមហ៊ុន Apple មិនបានប្រតិកម្ម ឬឆ្លើយតបនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងករណីនេះផងដែរ កន្លងមក ក្រុមហ៊ុន Google និង Amazon ក៏ធ្លាប់ទទួលរងការប្ដឹង ក្រោមបទចោទប្រកាន់ដូចគ្នានេះផងដែរ៕