(លីស្បោន)៖ ស្ថាប័នកំណត់ត្រាឯកទកម្មពិភពលោក (GWR) បានផ្តល់បណ្ណ «កីឡាករបាល់ទាត់ ដែលរកគ្រាប់បានច្រើនជាងគេសម្រាប់ជាតិ ក្នុងពិភពលោក» ដល់ខ្សែប្រយុទ្ធ Cristiano Ronaldo ក្រោយរកគ្រាប់បាល់បាន ១១១គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលបណ្តាញ Fresh News Plus ទទួលបាននៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
ស្ថាប័នកំណត់ត្រាឯកទកម្មពិភពលោកបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «កីឡាករសញ្ជាតិព័រទុយហ្កាល់បានបំបែកកំណត់ត្រា សម្រាប់អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេបំផុត ក្នុងការប្រកួតបាល់ទាត់អន្តរជាតិ (ផ្នែកបុរស) អំឡុងពេលការប្រកួតរវាងព័រទុយហ្កាល់ និងអៀឡង់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅឯកីឡដ្ឋាន Algarve»។
មុនបំបែកកំណត់ត្រាថ្មីនេះដែរ Ronaldo បានចែករំលែកកំណត់ត្រាចាស់ជាមួយកីឡាករអ៉ីរ៉ង់ Ali Daei ដែលរកគ្រាប់បាល់បាន ១០៩គ្រាប់ រវាងឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ ក្នុងការប្រកួតទល់អៀរឡង់ ត្រឹមតែប៉ុន្មាននាទីមុនបញ្ចប់ការប្រកួត ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បានបំបែកកំណត់ត្រារកគ្រាប់បាល់បាន ១១១គ្រាប់។
Daei ធ្លាប់ជាប្រធានក្រុមជម្រើសជាតិអ៉ីរ៉ង់ និងបានចាប់ផ្តើមធ្វើជាគ្រូបង្វឹកនៅឆ្នាំ២០០៦។ ទោះបីជា Ronaldo មានចំនួនគ្រាប់បាល់បានត្រឹមស្មើជាមួយ Daei ពេលលេងនៅឆ្នាំ២០០៣ ដល់ឆ្នាំ២០២១ ទីបំផុតខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះបានបំប៉ោងសំណាញ់ទីអៀរឡង់ ២គ្រាប់ទៀត ដែលជាការបំបែកឯកទកម្មថ្មីតែម្តង នៅការប្រកួតជម្រុះពានពិភពលោក World Cup 2022 ដោយយកឈ្នះក្រុមសាធារណរដ្ឋអៀរឡង់ ២-១។
ក្នុងវ័យ ៣៦ឆ្នាំ គាត់រកបាន ២គ្រាប់នៅនាទីចុងម៉ោងយ៉ាងអស្ចារ្យ បន្ទាប់ពីបានឱកាល ១លើកនៃការស៊ុតបាល់ពិន័យ ១១ម៉ែត្រ តែមិនបានសម្រេចនៃមួយគ្រាប់ដំបូងដែលទប់ជាប់ដោយអ្នកចាំទី Gavin Bazunu នៅនាទី១៥ តាំងពីវគ្គទី១ ហើយនេះជាការស៊ុតបាន ១១១គ្រាប់ សម្រាប់ក្រុមឈុតធំជម្រើសជាតិព័រទុយហ្កាល់។ ចាប់ទាំងពីបានជាប់ជម្រើសជាតិ នៅឆ្នាំ២០០១ ក្នុងឈុតយុវជនមក ដល់ឆ្នាំ២០២១ គាត់រកគ្រាប់បាល់សម្រាប់ជាតិ សរុបរកបាន ១២៩គ្រាប់។
សូមជម្រាបថា ការបំបែកកំណត់ត្រាថ្មីនេះ Ronaldo ក៏ទទួលបានពាន Euro 2020 top scorers award របស់ក្រុមហ៊ុនចិន Alipay ដែលជាក្រុមហ៊ុនទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញផងដែរ៕