(កូរ៉េ)៖ នៅទីបំផុត ក្រុមការងាររបស់តារាសម្តែងប្រុសល្បីរបស់កូរ៉េ Park Seo Joon បានបញ្ជាក់ជាផ្លូវការថា តារារូបនេះ គឺបានចូលរួមសម្តែងភាពយន្តនៅក្នុងផលិតកម្ម Marvel studios ដែលជាផលិតកម្មហូលីវូដដ៏ធំមួយផងដែរ។ ប្រការនេះ ធ្វើឲ្យលោក Park Seo Joon ក្លាយជាតារាសម្តែងទី៣ហើយរបស់កូរ៉េ ដែលបានចូលរួមថតរឿងជាមួយផលិតកម្មហូលីវូដ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Soompi នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។
ផលិតកម្ម ENT បានប្រកាសឲ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ថា តារាសម្តែង Park Seo Joon បានធ្វើដំណើរចាកចេញពីប្រទេសកូរ៉េហើយ ដើម្បីទៅថតរឿងក្នុងផលិតកម្ម Marvel។ ទោះជាបែបនេះក្តី ផលិតកម្ម ENT មិនបានបញ្ជាក់អ្វីលំអិតបន្ថែមនោះទេថា តើតារារូបនេះចាកចេញពីកូរ៉េទៅប្រទេសមួយណា និងថតរឿងអ្វី ហើយតួអង្គបែបណានោះ ខណៈព័ត៌មានសំខាន់ៗទាំងនេះ អ្នកគាំទ្រកំពុងតែចង់ដឹងយ៉ាងខ្លាំង។
គួរជម្រាបថា តារាសម្តែង ប្រុសល្បីរបស់កូរ៉េ Park Seo Joon បានក្លាយជាតារាទី៣ហើយ ដែលមានវាសនាត្រូវបានផលិតកម្មហូលីវូដ ហៅទៅចូលរួមសម្តែង ខណៈកន្លងទៅគឺមានដូចជាតារាសម្តែងស្រី Claudia Kim សម្តែងក្នុងរឿង «Avengers: Age of Ultron» និងតារាសម្តែង Ma Dong Seok ដែលទស្សនិកជនខ្មែរស្គាល់ថា «ប្រូម៉ាប់» នោះ បានចូលរួមសម្តែងក្នុងរឿង «Eternals»៕