(ភ្នំពេញ)៖ ធនាគារ ព្រីនស៍ ថ្មីៗនេះ បានទទួលពានរង្វាន់ជា ធនាគារពាណិជ្ជឆ្នើមនៅកម្ពុជាឆ្នាំ២០២១ និងជាធនាគារដែលមានភាពច្នៃប្រឌិតល្អបំផុត លើផ្នែកសេវា ធនាគារបុគ្គលនៅកម្ពុជាឆ្នាំ២០២១។ នេះគឺជាឆ្នាំទី២របស់ធនាគារព្រីនស៍ហើយ ដែលទទួលបានពានរង្វាន់ជាធនាគារពាណិជ្ជឆ្នើម នៅកម្ពុជាជាបន្តបន្ទាប់។
ពានរង្វាន់ដែលទទួលបានពីស្ថាប័នអន្តរជាតិ International Banker នៅថ្ងៃនេះ គឺជាការទទួលស្គាល់ ក្នុងការកំណត់ស្តង់ដារ ថ្មី សម្រាប់ការអនុវត្ត និងការជំរុញបន្ថែម នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុ។ ស្ថាប័នអន្តរជាតិ International Banker ផ្អែកទៅលើការតែងតាំងពីសំណាក់អ្នកអាន ក្នុងការស្វែងរកស្ថាប័នហិរញ្ញវត្ថុ ដែលមានសក្តានុពលល្អបំផុតនៅទូទាំងពិភពលោក។
ស្ថាប័នធនាគារទាំងនោះ មិនត្រឹមតែជាធនាគារ ដែលដំណើរការបានល្អប៉ុណ្ណោះទេ តែថែមទាំងជាស្ថាប័ន ដែលមានដំណើរប្រតិបត្តិការឈានមុខគេ ដែលអាចកំណត់នូវប្រសិទ្ធភាពថ្មី ហើយជាហេតុផលដែលធ្វើឲ្យស្ថាប័នដ៏ទៃមានការស្ញប់ស្ញែង។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានលើកឡើងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដែលធនាគារ ព្រីនស៍ទទួលបានការតែងតាំង និងឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន០២នេះ ពីក្នុងវិស័យធនាគារនៅកម្ពុជា។ យើងពិតជាមានកិត្តិយសក្រៃលែង ដែលទទួលបានពានរង្វាន់ទាំងពីរនេះ ដែលវាជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ ទៅកាន់អតិថិជនរបស់យើង»។
លោកបន្ដថា «ពានរង្វាន់ទាំងពីរនេះ គឺជាគុណតម្លៃរបស់អតិថិជន ដៃគូអាជីវកម្ម និងបុគ្គលិកនៅក្នុងធនាគារ ព្រីនស៍ទាំងអស់ ដែលជាផ្នែកមួយធ្វើឲ្យធនាគារ ព្រីនស៍សម្រេចបាននូវគោលដៅដូចសព្វថ្ងៃ។ ខ្ញុំពិតជាអរគុណ ដល់អ្នកទាំងអស់ណាស់ អ្នកទាំងអស់គ្នា គឺជាកម្លាំងជំរុញដែលធ្វើឲ្យធនាគាររបស់យើង មានភាពកាន់តែប្រសើរជាងមុន»។
លោក ហ៊ន់ សុរចនា បានបន្ថែមទៀតថា ចាប់តាំងពីយើងបានក្លាយខ្លួន ជាធនាគារពាណិជ្ជកាលពីបីឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន យើងតែងតែមានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ដល់អតិថិជនជានិច្ច។ ដោយទទួលបានការជម្រុញពីអតិថិជន យើង ក្នុងន័យនេះ ធនាគារមិនមែនគ្រាន់តែជាកន្លែង ដែលអតិថិជន មកធ្វើប្រតិបត្តិការមួយមុខនោះទេ តែវាគឺជាការធ្វើដំណើររួមគ្នា ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ របស់អតិថិជន ហើយយើងក៏បានបន្តប្រើប្រាស់យុទ្ធសាស្រ្ត ដែលផ្តោតសំខាន់លើអតិថិជនតាំងពីពេលនោះមក ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។
ឧទាហរណ៍៖ កាលពីពេលថ្មីៗនេះ យើងបានដាក់ចេញនូវកម្មវិធី PRINCE MobileBiz និងកម្មវិធី PRINCE Merchants ដែលត្រូវបានបង្កើត និងផ្តល់ជូនជាពិសេស ដល់អតិថិជនអាជីវកម្មរបស់យើងបន្ថែមពីលើកម្មវិធី PRINCE Mobile កម្មវិធីធនាគារតាមទូរស័ព្ទដែលមានការរីកចម្រើនជារៀងរាល់ឆ្នាំ ហើយសមិទ្ធផលនេះ បានមកពីការបម្រែបម្រួលនៃប្រព័ន្ធឌីជីថល ដែលជាកត្តាអាចឲ្យយើង បញ្ចូលបច្ចេកវិទ្យាទាំងនោះ ទៅក្នុងជីវភាពរស់នៅអតិថិជនរបស់យើង បានប្រសើរជាងមុន។
ក្នុងនោះផងដែរ អតិថិជនរបស់យើង បានទទួលស្គាល់ថា វាពិតជាមានសារសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើឲ្យដំណើរការអាជីវកម្មរបស់ពួកគេ មានភាពប្រសើរឡើង ជាពិសេសក្នុងការធ្វើអាជីវកម្មប្រភេទឌីជីថល ដែលវាពិតជាមានកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩នេះ។ កម្មវិធីនេះផងដែរ នឹងធ្វើឲ្យអាជីវករទាំងអស់អាចផ្តោតអារម្មណ៍ លើបញ្ហាផ្សេងទៀតដើម្បីទ្រទ្រង់ ឬពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតផងដែរ។
យុទ្ធសាស្រ្តដែលផ្តោតសំខាន់លើអតិថិជន ដែលធនាគារ ព្រីនស៍ បានអនុវត្តតាំងពីដំបូងមក បានធ្វើឲ្យយើង អាចបង្កើតទៅជាពាក្យស្លោកថ្មីមួយ សម្រាប់ធនាគាររបស់យើងគឺ «យើងប្រឹងប្រែងដើម្បីអ្នក» ហើយពាក្យស្លោកថ្មីនេះ ត្រូវបានយកទៅអនុវត្ត នៅគ្រប់ប្រតិបត្តិការរបស់ធនាគារទាំងអស់ ដែលមានដូចជា ការអភិវឌ្ឍផលិតផល សេវាកម្មអតិថិជន ការទំនាក់ទំនង និងផ្សព្វផ្សាយ -ល- ។
បុគ្គលិកនៃធនាគារ ព្រីនស៍គ្រប់គ្នាត្រូវធានាបានថា គ្រប់តម្រូវការរបស់អតិថិជន គឺត្រូវបានបំពេញយ៉ាងល្អឥតខ្ចោះ។ ហើយយើងជឿជាក់ថា តាមរយៈការអនុវត្តបែបនេះ គឺដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់បំពេញតម្រូវការ ជូនដល់អតិថិជន ក៏ដូចជាដើម្បីបំពេញតម្រូវការ សម្រាប់ការរីកលូតលាស់ នៃវិស័យសេដ្ឋកិច្ច របស់ប្រទេសយើងផងដែរ។
លោក ហ៊ន់ សុរចនា បានបន្ថែមថា ជាមួយការជំរុញ និងការទទួលស្គាល់តាមរយៈ ពានរង្វាន់ អន្តរជាតិទាំងពីរនេះ ធនាគារ ព្រីនស៍ នឹងបន្តខិតខំ ដើម្បីក្លាយជាធនាគារដ៏ល្អ បំផុតមួយសម្រាប់អតិថិន ដែលផ្តល់ជូននូវសេវាកម្ម ក៏ដូចជាផលិតផលកាន់តែប្រសើរឡើង។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនដ៏មានតម្លៃ និងដៃគូសហការទាំងអស់ សម្រាប់ការផ្តល់ឱកាសដល់ធនាគារ ព្រីនស៍ក្នុងការបំពេញសេវាកម្ម និងជាធនាគារជម្រើសទី១របស់លោកអ្នក សូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក៕