(អាមេរិក)៖ Google ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក ដែលមានជំនាញខាងបច្ចេកវិទ្យា Software ប៉ុន្តែថ្មីៗនេះមានសេចក្ដីរាយការណ៍មកថា ក្រុមហ៊ុន Big Tech មួយនេះគ្រោងនឹងផលិត CPU សម្រាប់បំពាក់នៅលើ កុំព្យូទ័ររបស់ខ្លួន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google មានបំណង ចង់បង្កើតឈីប CPU សម្រាប់បំពាក់ជាមួយនឹងកុំព្យូទ័រ Chromebook ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Chrome OS របស់ Google ផ្ទាល់ ហើយគម្រោងមួយនេះទំនងជានឹងចាប់ផ្ដើមនៅឆ្នាំ២០២៣។
ក្រុមហ៊ុន Google បច្ចុប្បន្ននេះបានប្រើប្រាស់ឈីប CPU ដែលផលិតឡើងដោយក្រុមហ៊ុន Intel និង AMD ហើយគម្រោង នៃ ការ បង្កើត CPU ថ្មីសម្រាប់ខ្លួនឯងផ្ទាល់នេះ ប្រហែលជា Google សហការជាមួយនឹងក្រុមហ៊ុន Arm ដើម្បីរចនាឈីបថ្មីនេះ។
កាលពីដើមខែនេះ ក្រុមហ៊ុន Google បានប្រកាសថានឹងបង្កើតអង្គប្រតិការផ្ទាល់ខ្លួន (processor) ដែលមាន ឈ្មោះថា Google Tensor សម្រាប់ប្រាស់នៅលើស្មាតហ្វូនរបស់ Google ផ្ទាល់តែម្ដង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon, Facebook, Microsoft, Tesla, Baidu និង Alibaba Group Holding កំពុងតែប្រកួតប្រជែងគ្នាខ្លាំងទៅលើការបង្កើតឧបរណ៍អេឡិចត្រូនិក និងការផ្ដល់សេវាកម្ម Cloud ប៉ុន្តែពួកគេបានប្រើប្រាស់នូវវិធីសាស្ត្រផ្សេងៗគ្នាដើម្បីវាយលុយទីផ្សារ៕