(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាប្រចាំសប្តាហ៍ទី១២ ស្អែកនេះរវាងក្រុមអគ្គិសនី និងបឹងកេត ត្រូវបានពន្យារពេលហើយ ដោយសារមានកីឡាករ ២រូបរបស់បឹងកេត មានវិជ្ជមានកូវិដ១៩។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

យោងតាម CNCC បានបញ្ជាក់ថា «ការប្រកួត (សប្តាហ៍ទី១២) រវាងក្លិបបាល់ទាត់អគ្គីសនីកម្ពុជា និងបឹងកេត ត្រូវពន្យារការប្រកួតជាណ្តោះអាសន្នសិន ដោយមូលហេតុ (តេស្តលើកទី១) ថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្លិបបាល់ទាត់បឹងកេត រកឃើញកីឡាករ ២នាក់មានវិជ្ជមានកូវីដ-១៩។ ដូច្នេះមន្ត្រី និងកីឡាករដទៃទៀតដែលអវិជ្ជមាន ត្រូវរង់ចាំលទ្ធផលវិភាគបញ្ជាក់របស់អ្នកទាំងពីរខាងលើ»

គួរដឹងផងដែរថា សម្រាប់ការប្រកួតរបស់ក្រុមអគ្គិសនីកម្ពុជាកាលសប្តាហ៍ទី១១ បានលេងចាញ់ក្រុមភ្ញៀវគិរីវង់សុខសែនជ័យ នៅក្នុងលទ្ធផល ២-០ កាលពីអាទិត្យ ទី០១ ខែសីហាកន្លងទៅនៅក្នុងទឹកដីរបស់ខ្លួន។ ក្រុមអគ្គិសនីកម្ពុជា ឆ្លងកាត់១០ប្រកួតកន្លងមកនេះ ឈ្នះ ២ដង ស្មើ ១ដង និងចាញ់ ៧ដងបានឈរនៅចំណាត់ថ្នាក់លេខ១០ និងមាន ៧ពិន្ទុ។

ចំណែកឯការប្រកួតរបស់ក្រុមបឹងកេតកាលសប្តាហ៍ទី ១១វិញបានយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងនៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហាកន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋានខេត្តស្វាយរៀង។ បឹងកេត បានឆ្លងកាត់ ១០ប្រកួតកន្លងមកនេះដូចគ្នា ឈ្នះ ៧ដង និងចាញ់ ៣ដង បានឈរនៅចំណាត់ថ្នាក់លេខ២ និងមាន ២១ពិន្ទុ៕