(ភ្នំពេញ)៖ ក្នុងស្មារតីចូលរួមជាចំណែកដ៏សំខាន់មួយក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាល និងអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការស្តារធុរកិច្ចឡើងវិញ ពីការ រីករាលដាលនៃជំងឺកូវីដ១៩ ធនាគារប្រៃសណីយ៍កម្ពុជា បានបន្តធ្វើកិច្ចសហការក្នុងភាពជាដៃគូ ជាមួយនឹងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជាជំហានទី២។

កិច្ចសហការនេះបានធ្វើឡើងនាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងគាំទ្រផ្នែកហិរញ្ញវត្ថុតាមរយៈការផ្តល់ជាកម្ចីជូនសហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជា ម្ចាស់អាជីវកម្មក្នុងការបន្តរក្សាលំនឹងអាជីវកម្មរបស់ខ្លួនក្នុងគ្រាដ៏លំបាក និងត្រៀមខ្លួនងើបឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ១៩។ គម្រោងសហហិរញ្ញប្បទាននេះ ផ្តោតសំខាន់ លើការផ្តល់ឥណទាន ដើម្បីជម្រុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអទិភាពដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូលបម្រើសេចក្តីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ គឺជាគម្រោងមួយក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារប្រៃសណីយ៍កម្ពុជា ដែលផ្តល់ជូនឥណទានជាមួយអត្រាការប្រាក់ទាបបំផុតត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ និងមានរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា ភាពជាដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ពិតជាមាន សារៈសំខាន់ណាស់ក្នុងការជួយគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមឱ្យងើបឡើងវិញទាន់ពេលវេលា ជាពិសេសឆ្ពោះទៅកាន់ការអភិវឌ្ឃន៍សេដ្ឋកិច្ច ឡើងវិញ នៅក្រោយ វិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។ ធនាគារទាំងពីរបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការបញ្ចេញថវិកាកម្ចីក្នុងជំហានទី១ កាលពីឆ្នាំ២០២០ ហើយជឿជាក់ថាជំហានទី២នេះ នឹងអាចសហការគ្នាក្នុងការជួយគាំទ្រអាជីវកម្មរបស់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមយ៉ាងមានប្រសិទ្ធភាពបំផុត។
លោក លឹម អូន នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកដែរឡើងថា លោកជឿជាក់យ៉ាងមុតមាំថា មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ យ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់ការ ស្តារសេដ្ឋកិច្ចឡើងវិញ និងបានថ្លែងអំណរគុណ និងទទួលស្គាល់ចំពោះធនាគារប្រៃសណីយ៍កម្ពុជា និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្រាប់ការបន្តសហការគ្នា នៅក្នុងគម្រោងសហហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ។
ក្រៅពីផ្តល់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម CPBank ក៏បម្រើជូនអតិថិជននូវសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ដើម្បីគាំទ្រម្ចាស់អាជីវកម្មដូចជា ការទូទាត់តាម QR ស្កេន ការសហការជាដៃគូពាណិជ្ជកម្ម សេវាបើកប្រាក់បៀវត្ស សេវាប្រមូលប្រាក់បង់ពន្ធជាដើម ជាពិសេសពុំមានគិតកម្រៃសេវាឡើយ។ តាមរយៈគម្រោងមួយនេះ គ្រប់អតិថិជន និងសាធារណជនទាំងអស់អាចដាក់ពាក្យស្នើសុំឥណទានពីធនាគារ ប្រៃសណីយ៍កម្ពុជា នៅតាមបណ្តាសាខាទាំង ៦០ទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈទូរសព្ទលេខ 023 260 888៕








