(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ធំ General Motors (GM) និងជាមេរបស់ក្រុមហ៊ុន Chevrolet, GMC, Cadillac និង Buick បានប្រកាសបិទរោងចក្រចំនួន ៦ជាបណ្ដោះអាសន្ននៅតំបន់អាមេរិកខាងជើង ដោយសារតែកង្វះខាតបន្ទះឈីបជាសកល។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។

ការសម្រេចចិត្តប្រកាសបិទរោងចក្រក្នុងចំនួនច្រើនេះបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មផលិតរថយន្តរបស់ GM រួមនឹង ប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ខណៈដែលអ្នកនាំពាក្យរបស់ GM បានថ្លែងថា ក្រុមហ៊ុនមិនចង់បិទរោងចក្រ ទាំង នោះទេ ប៉ុន្តែវាគ្មានជម្រើសផ្សេងក្រៅពីនេះ។
អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា ការបិទនេះមិនមែនប៉ះពាល់តែសង្វាក់ផលិតកម្មផលិតរថយន្តថ្មីប៉ុណ្ណោះទេ សូម្បីតែរោងចក្រ ជួសជុលរថយន្តក៏ប៉ះពាល់ដែរ ដោយនៅពេលនេះមានរថយន្តជាច្រើនត្រូវបានកក់ស្ទះដោយសារតែកង្វះបន្ទះឈីបនេះ។
កាលពីខែមេសាកន្លងទៅនេះ GM ក៏បានប្រកាសបិទរោងចក្រមួយចំនួននៅក្នុងតំបន់អាមេរិកខាងជើងនេះផងដែរ ប៉ុន្តែមិនបាន បញ្ជាក់ពីចំនួនរោងចក្រដែលត្រូវបានបិទនោះទេ។
គួរបញ្ជាក់ផងដែរថា ការបិទរោងចក្រថ្មីនេះបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗជាច្រើន ទៀត ក៏ព្រោះតែ GM គឺជាអ្នកផ្គត់ផ្គង់បង្គុំរថយន្តដ៏ធំបំផុតនៅលើពិភពលោកផងដែរ៕







