(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដចូលចិត្តស្លៀកសម្លៀកបំពាក់ លេចលើលេចក្រោមបញ្ចេញដើមទ្រូង និងគល់ភ្លៅ កញ្ញា ព្រីម លីហ្សា បានចេញមុខមកពន្យល់ដល់មហាជន ពីអ្វីទៅដែលហៅថា Fashion បែបប្លែកភ្នែក ហើយចង់ឲ្យមហាជនយល់ដឹងកាន់តែច្បាស់ ពីសារៈសំខាន់នៃវិស័យបង្ហាញម៉ូដ និងចង់ឲ្យពិភព Fashion រីកចម្រើនខ្លាំង នៅក្នុងប្រទេសកម្ពុជា។

banner

ជាការពិត ការរៀបចំឈុតសម្លៀកបំពាក់កន្លងមក ព្រីម លីហ្សា តែងតែបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នា នៅលើបណ្ដាញសង្គម Instagram ក៏ដូចជា Facebook page របស់នាង ដែលតែងតែចង់ផ្ដោតទៅលើម៉ូដ បង្ហាញពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី ហើយវាក៏ជាការងារមួយរបស់នាង ដែលតែងតែជួយលើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនក្នុងនាមជា Fashionista បន្ទាប់ពីការងារជាតារាសម្ដែង។

តារាបង្ហាញម៉ូដ ព្រីម លីហ្សា បានពន្យល់ប្រាប់ថា ការងារជាតារាសម្ដែង បងប្អូនប្រហែលជាអាចដឹងច្បាស់ហើយ តែការងារជា Fashionistaអាចនឹងមានបងប្អូនមួយចំនួនធំបានដឹងហើយ តែនៅឡើយតែបងប្អូនមួយចំនួនតូចតែប៉ុណ្ណោះ ដែលពួកគាត់មិនទាន់ដឹងច្បាស់ថា ការងាររបស់នាងមួយនេះ វាមានសារៈសំខាន់បំផុតនៅពេលបច្ចុប្បន្ន។ វិស័យម៉ូដនៅក្នុងប្រទេសរបស់យើង ដែលយើងអាចហៅថាជា វិស័យ Fashion នោះ បច្ចុប្បន្ន គឺមិនសូវមានភាពរីកចម្រើននោះទេ ហើយតួនាទីរបស់ Fashionista គឺជួយលើកស្ទួយវិស័យម៉ូដ ដែលយើងអាចហៅបានថាជា Fashion ឲ្យកាន់តែមានភាពរីក ចម្រើនខ្លាំង នៅក្នុងប្រទេសរបស់យើង ហើយចំណុចសំខាន់របស់ Fashionista គឺតែងតែចែករំលែក ព្យាយាមធ្វើយ៉ាងណាឲ្យបងប្អូនយល់អំពីវិស័យម៉ូដ។

ព្រីម លីហ្សា និយាយថា «ម្យ៉ាងវិញទៀតរូបភាពរបស់ខ្ញុំ អាចបញ្ជាក់បានថា ខ្ញុំជាអ្នកដែលស្រឡាញ់វិស័យម៉ូតខ្លាំងណាស់ ហើយចង់ឲ្យវិស័យមួយនេះ មានភាពរីកចម្រើនខ្លាំងពិតមែន បងប្អូនដែលមិនទាន់បានឃើញ ពីរូបភាពរបស់ខ្ញុំអាចចំណាយពេលវេលាបន្តិច ចូលមើលរូបភាពរបស់ខ្ញុំម្ដងទៀត សុទ្ធសឹងតែជារូបភាពដែលបង្ហាញ ពីភាពរឹងមាំរបស់ស្ត្រីសម័យថ្មី នៅក្នុងឈុតសម្លៀកបំពាក់បែបប្លែកភ្នែក មិនមែនឲ្យតែខ្ញុំបង្ហាញពីឈុតសម្លៀកបំពាក់ មានភាពសិចស៊ី គឺខ្ញុំចង់ផ្ដោតទៅលើភាពសិចស៊ីតែមួយមុខនោះទេ គឺខ្ញុំចង់ផ្ដោតទៅលើការរៀបចំសម្លៀកបំពាក់បែបប្លែកភ្នែក ហើយអ្វីដែលសំខាន់ វាតែងតែមានភាពសិចស៊ីនៅក្នុងនោះដែរ។ ចំណុចនេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់ច្បាស់ អំពីការងាររបស់ខ្ញុំ ហើយបើសិនជាខ្ញុំគ្រាន់តែយកលេសថា ចង់លើកស្ទួយវិស័យម៉ូដ ដើម្បីបង្ហាញតែភាពសិចស៊ីមែននោះ មិនមែនខ្ញុំមានម៉ូតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំង ដែលតែងតែចែករំលែកឲ្យបងប្អូនទាំងអស់គ្នា បានឃើញនោះទេ»

យ៉ាងណាមិញ ស្រីស្រស់ ព្រីម លីហ្សា ក៏បានអំពាវនាវដល់បងប្អូនអ្នកសិល្បៈ ក៏ដូចជាមហាជនទូទៅ សូមចូលរួមលើកស្ទួយវិស័យម៉ូដ នៅក្នុងប្រទេសកម្ពុជា ដោយការជួយគាំទ្ររាល់អ្វី ដែលនាងបានបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នា ពីព្រោះរាល់រូបភាពរបស់នាង គឺនាង ចំណាយពេលវេលា និងការហត់នឿយខ្លាំង ទំរាំតែបានមួយឈុតៗ។ អ្វីដែលសំខាន់ ស្ទើរតែពេលខ្លះមិនបានគេង ហើយពេលខ្លះទៀតអាចឆ្លងដល់ ២ទៅ៣ថ្ងៃ ទំរាំតែអាចរៀបចំ សម្លៀកបំពាក់បានមួយឈុតៗ ព្រោះតែចង់ឲ្យបងប្អូនទាំងអស់គ្នាបានឃើញ ពីឈុតសម្លៀកបំពាក់បែបប្លែកភ្នែកខ្លាំង ដែលផុសចេញពីគំនិតក្នុងការគិត និងការរៀបចំរបស់នាង។

ព្រីម លីហ្សា ក៏ជា Fashionista ដែលតែងតែចង់លើកស្ទួយវិស័យម៉ូដនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន។ ព្រីម លីហ្សា ក៏សូមអរគុណយ៉ាងធំធេងបំផុត សម្រាប់អ្នកគាំទ្ររបស់នាង ដែលពួកគាត់តែងតែគាំទ្ររូបភាពរបស់នាង និងតែងតែគាំទ្រការស្លៀកពាក់របស់នាងនាពេលកន្លងមក៕