(ភ្នំពេញ)៖ គ្រឿងស្រវឹងជាប្រភេទភេសជ្ជៈ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព នៅពេលដែលមានការបរិភោគលើសកម្រិត និងជាប្រចាំ ហើយការបរិភោគគ្រឿងស្រវឹងលើសកម្រិតនេះទៀតសោត ក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ដូចជា ការបើកបរក្នុងស្ថានភាពស្រវឹង និង ការបង្កអំពើហិង្សាផ្សេងៗក្នុងស្ថានភាពស្រវឹងផងដែរ។ ដោយសារតែមានផលប៉ះពាល់ច្រើនបែបនេះ ទើបប្រទេសនីមួយៗ តែងតែមានការរឹតត្បិតក្នុងការទទួលទានគ្រឿងស្រវឹង ជាពិសេសចំពោះអនីតិជន។

ជាមួយគ្នានេះ ច្បាប់កម្ពុជាក៏បានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ទៅលើបុគ្គលណាដែលបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងផងដែរ។ ហេតុដូចនេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង» មកធ្វើការបកស្រាយជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម ៖

ជាទូទៅនិយមន័យនៃការញុះញង់ មានពីរប្រភេទ គឺ តាមន័យធម្មតា និង តាមន័យច្បាប់។ ចំពោះនិយមន័យធម្មតា ការញុះញង់ គឺជាការនិយាយចាក់រុកនាំអុជអាលឱ្យអ្នកដទៃធ្វើអ្វីមួយដែលមិនគប្បី។ ចំណែកឯនិយមន័យច្បាប់វិញ ការញុះញង់ គឺជាការផ្ដើមគំនិតឱ្យអ្នកណាម្នាក់ប្រព្រឹត្តបទល្មើសមជ្ឈិម ឬឧក្រិដ្ឋ។ ការញុះញង់នេះអាចប្រព្រឹត្តដោយសំដី សំណេរ ឬគំនូរតាមប្រភេទណាក៏ដោយ និងគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍។

ការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺជាបទល្មើសមួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ម នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់យកមកអនុវត្តទៅលើបុគ្គលដែលមានចេតនាក្នុងការញុះញង់ ឬបង្ខិតបង្ខំឱ្យអនីតិជនបរិភោគគ្រឿងស្រវឹង។ ការណ៍នេះ គឺជាសកម្មភាពមួយដែលធ្វើឱ្យប៉ះពាល់ និងរំលោភបំពានសិទ្ធិរបស់អនីតិជនយ៉ាងធ្ងន់ធ្ងរ។

យើងដឹងហើយថា អនីតិជន គឺជាជនដែលមានអាយុក្រោម១៨ ឆ្នាំ ឬ ជនដែលមិនទាន់គ្រប់អាយុតាមច្បាប់កំណត់ ដូច្នេះហើយការញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង គឺមិនត្រឹមតែជាអំពើខុសច្បាប់នោះទេ សកម្មភាពនេះអាចនាំឱ្យមានគ្រោះថ្នាក់ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អនីតិជនថែមទៀត។

ដោយយោងទៅតាមមាត្រា ៣៤៣ និងមាត្រា ៣៤៨ នៃក្រមព្រហ្មទណ្ឌ បានបញ្ញតិ្តថា៖

* មាត្រា ៣៤៣ បទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង៖ អំពើញុះញង់អនីតិជនដោយផ្ទាល់ឱ្យបរិភោគជាប្រចាំ និងយ៉ាងច្រើននូវគ្រឿងស្រវឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល។
* មាត្រា ៣៤៨ ការប៉ុនប៉ង៖ ការប៉ុនប៉ងប្រព្រឹត្តបទមជ្ឈិមដែលមានចែងក្នុងជំពូកនេះ ត្រូវផ្តន្ទាទោសដូចគ្នានឹងបទមជ្ឈិមខាងលើដែរ។

សរុបមក ទោះបីជាបុគ្គលនោះប៉ុនប៉ង ឬបានញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹងក៏ដោយ ក៏ត្រូវបានផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមានផងដែរ។ ការញុះញង់ ឬណែនាំអនីតិជនឱ្យបរិភោគគ្រឿងស្រវឹងនេះបានធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណីជាតិ ជាពិសេសសុខភាពរបស់អនីតិជន៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រៀម គីមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.