(ភ្នំពេញ)៖ ភាគច្រើននៃជំងឺទឹកនោមផ្អែម មិនមានស្តែងចេញជារោគសញ្ញាអ្វីឡើយ ដែលអាចធ្វើឱ្យការធ្វើរោគវិនិច្ឆ័យមានការយឺតយ៉ាវ។ ដូច្នេះហើយ គឺទាមទារឱ្យលោកអ្នកតាមដានសុខភាព ដោយពិនិត្យឈាម ឬជាតិស្ករជាប្រចាំរៀងរាល់ ៦ខែម្ដង ឬយ៉ាងយូរមួយឆ្នាំម្តង ដើម្បីណាត់ជួបជាមួយគ្រូពេទ្យ នៅពេលលោកអ្នកមានអាការៈដូចជា៖
១៖ ស្រេកទឹក
២៖ បត់ជើងតូចញឹកញាប់
៣៖ ស្រកទម្ងន់
៤៖ នឿយហត់ ឬឧស្សាហ៍អស់កម្លាំង
៥៖ ដំបៅមិនជា ឬជាក្នុងរយៈពេលយូរ
៦៖ ស្រវាំងភ្នែក
៧៖ ស្ពឹកប្រអប់ដៃ ឬជើង
អាការៈទាំងនេះ គឺជារោគសញ្ញានៃជំងឺទឹកនោមផ្អែម ដែលលោកអ្នកគួរតែប្រុងប្រយ័ត្នខ្ពស់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិតឯកទេស វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែម ជំងឺពក ក ក្រពេញ អ័រម៉ូន និងជំងឺទូទៅ បញ្ចប់ការសិក្សាពីប្រទេសបារាំង បម្រើការងារនៅមន្ទីរពេទ្យព្រះអង្គឌួង។
លោកវេជ្ជបណ្ឌិត ឯកទេសរូបនេះ បានបន្ដថា «ជំងឺទឹកនោមផ្អែម គឺជាការឡើងជាតិស្ករនៅក្នុងឈាមរ៉ាំរ៉ៃ។ កត្តាជំរុញឱ្យកើតជំងឺទឹកនោមផ្អែម (ប្រភេទពីរ) មាន២កត្តាធំៗ គឺទី១៖ កត្តាតំណរពូជ និងទី២៖ កត្តាបរិយាកាស ឬទំលាប់នៃការរស់នៅរបស់យើង»។
ទី១៖ កត្តាតំណរពូជតាមរយៈការសិក្សាបង្ហាញថា
*អ្នកដែលមានតែឪពុក ឬម្តាយតែម្នាក់មានជំងឺនេះ អាចមានឱកាសកើតរហូតដល់ ៤០%
*អ្នកដែលមានឪពុកម្តាយកើតជំងឺនេះទាំងពីរនាក់ អាចមានឱកាសកើតរហូតដល់ ៧០%
*ក្នុងនោះ ៨០% កើតទៅលើកូនភ្លោះពិត (Monozygotes)
*ដោយ ២០% កើតទៅលើកូនភ្លោះមិនពិត (Dizygotes)
ទី២៖ កត្តាបរិយាកាស ឬទំលាប់នៃការរស់នៅប្រចាំថ្ងៃ
*កើតទៅលើអ្នកដែលធាត់ លើសទម្ងន់
*លើសជាតិខ្លាញ់ជាដើម
លោកវេជ្ជបណ្ឌិតឯកទេស វី ឌុច្ជដា បានឱ្យដឹងទៀតថា «ដំណាក់កាលដែលអាចស្តែងចេញជំងឺនេះ អាចស្តែងចេញគ្រប់ពេលវេលា វាមិនមានដំណាក់កាល ឬពេលវេលាជាក់លាក់ឱ្យយើងដឹងនោះទេ ប៉ុន្តែមានកត្តាមួយចំនួនដែលអាចជួយជំរុញភាពលេចចេញរបស់វាដូចជា៖ នៅពេលមានការបង្ករោគ, ស្ត្រេស, ការប្រើប្រាស់ថ្នាំមួយចំនួនដែលឱ្យឡើងជាតិស្ករ និងពេលមានផ្ទៃពោះ ...»។ ជំងឺទឹកនោមផ្អែមនេះ អាចកើតមានលើមនុស្សគ្រប់វ័យ ហើយភាពធ្ងន់ធ្ងររបស់វាអាស្រ័យទៅលើកំរិតជាតិស្ករ និងរយៈពេលនៃការកើតជំងឺនេះមុនពេលបានទទួលការព្យាបាលត្រឹមត្រូវ។
ចំពោះការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម ពឹងផ្អែកលើការធ្វើតេស្តឈាម ដើម្បីមើលកម្រិតជាតិស្ករក្នុងឈាម ដែលកំណត់ដោយ៖
*ជាតិស្ករក្នុងឈាមលើសពី 125 mg/dl នៅពេលព្រឹកមិនទាន់ញាំអាហារ
*ជាតិស្ករពីរម៉ោងក្រោយអាហារលើសពី 180mg/dl
*ជាតិស្ករលើសពី 200mg/dl គ្រប់ពេលទាំងអស់បូករួមជាមួយរោគសញ្ញាមួយ ឬ ច្រើននៃជំងឺទំនោមផ្អែម
*គេអាចពឹងផ្អែកលើសន្ទស្សន៍ជាតិស្ករមធ្យម រយៈពេលបីខែ (HbA1C) ក្នុងឈាម លើសពី 6,5%។
ខាងលើនេះជារោគវិនិច្ឆ័យនៃជំងឺទឹកនោមផ្អែមទាំងអស់ លើកលែងតែជំងឺទឹកនោមផ្អែម ដែលកើតលើស្រ្តីកំឡុងពេលមានផ្ទៃពោះតែប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់របស់លោកវេជ្ជបណ្ឌិតឯកទេស វី ឌុច្ជដា។
លោកបន្ដថាបច្ចុប្បន្ននេះ ជំងឺទឹកនោមផ្អែម មិនទាន់មានថ្នាំណាអាចព្យាបាលអោយជាដាច់បានឡើយនៅលើពិភពលោកទាំងមូល ប៉ុន្តែយើងមានការព្យាបាល ដើម្បីឱ្យជាតិស្ករចុះមកដល់កំរិតគោលដៅ ដែលអាចការបន្ថយ ពន្យារ ឬបង្ការផលវិបាកនានា ដែលអាចកើតមាននៅពេលបងប្អូនទុកជាតិស្ករឱ្យនៅខ្ពស់។
បច្ចុប្បន្នមធ្យោបាយដើម្បីព្យាបាលជំងឺទឹកនោមផ្អែម (ប្រភេទទី2) នៅប្រទេសកម្ពុជា មានច្រើនបែបយ៉ាង មិនចាញ់បរទេស ឬប្រទេសនៅអឺរ៉ុបឡើយ ដោយក្រៅពីការហាត់ប្រាណ និង ការធ្វើរបបអាហារអោយបានត្រឹមត្រូវយើងមាន៖
*ថ្នាំគ្រាប់
*ថ្នាំចាក់ប្រភេទ អាំងស៊ុយលីន
*ថ្នាំចាក់ មិនមែនអាំងស៊ុយលីន
*Insuline pump (ម៉ាស៊ីនប្រភេទស្នប់ អាំងស៊ុយលីន)
ភាពទំនើប និងសំបូរបែបទាំងនេះ ជួយឱ្យការព្យាបាលកាន់តែមានប្រសិទ្ធិភាពខ្ពស់ រួមជាមួយគុណភាពនៃជីវិតរបស់អ្នកជំងឺកាន់តែល្អប្រសើរ និងមានភាពងាយស្រួល។
ផលវិបាកមួយចំនួន នឹងកើតមានឡើង ប្រសិនបើប្រជាពលរដ្ឋយើង មកទទួលយកការព្យាបាលយឺតពេល ហើយអាចបណ្តាលឱ្យជាតិស្ករក្នុងឈាមខ្ពស់រួមមាន៖
*ផលវិបាករយៈពេលខ្លី៖ គឺការកើនឡើងជាតិស្ករគំហុក Acidocétosediabetique និង Diabète hyperosmolaire
*ផលវិបាករយៈពេលវែង៖ ដែលអាចប៉ះពាល់ទៅលើ ភ្នែក តម្រង់នោម អវៈយវៈ បេះដូង ខួរក្បាល។
វិធីបង្ការ និងដំបូន្មានគ្រូពេទ្យ៖
*ហាត់ប្រាណជាប្រចាំ
*ថែទាំទម្ងន់កុំឱ្យឡើងខ្លាំង
*បរិភោគអាហារ ដែលមានសន្ទស្សន៍ជាតិស្ករទាប និងទឹកឱ្យបានគ្រប់គ្រាន់
*ចាក់វ៉ាក់សាំងបង្ការជំងឺឆ្លង រឺបង្ករោគផ្សេងៗដូចជា វ៉ាក់សាំងផ្តាសាយធំ ឬវ៉ាក់សាំងការពាររលាកសួត ...
*កុំជឿតាមការបោកប្រាស់របស់ជនខិលខូច ឬផលិតផលដែលប្រកាសថា ព្យាបាលជាសះស្បើយ ដែលនាំឱ្យខាតពេលវេលា និងអាចមានផលប៉ះពាល់ដល់សុខភាព
*ណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យ និងធ្វើការតាមដានជាតិស្ករជាប្រចាំ ៦ខែ ឬយ៉ាងយូរមួយឆ្នាំម្តង ករណីអ្នកមិនទាន់មានជំងឺ
*ករណីដឹងថា មានជំងឺទឹកនោមផ្អែម ត្រូវប្រញាប់ទទួលយកការព្យាបាល និងប្រឹក្សាពីគ្រូពេទ្យឯកទេស៕
វី ឌុច្ជដា ឯកទេសជំងឺទឹកនោមផ្អែម ជំងឺពក ក ក្រពេញ អ័រម៉ូន និងជំងឺទូទៅ