(កូរ៉េ)៖ ដូចទស្សនិកជនបានជ្រាបស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុន ផលិតកម្ម Belift បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើសិល្បកររបស់ខ្លួនចំនួន៥នាក់ ដែលស្ថិតក្នុងក្រុមចម្រៀង ENHYPEN។ យ៉ាងណាមិញ នៅពេលនេះ គឺមានសមាជិកនៃក្រុមចម្រៀងមួយនេះ ម្នាក់ទៀតបានបញ្ជាក់ថា មានវិជ្ជមាន-កូវីដ-១៩ ដែលជាសមាជិកទី៦ហើយបានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។

កាលពីថ្ងៃទី០២ ខែកញ្ញថ្មីៗនេះ ក្រុមហ៊ុន Belift Lab បានបញ្ជាក់ថា តារាចម្រៀងទាំង៥នាក់ ដែលវិជ្ជមានកូវីដ-១៩ គឺមានដូចជា Jungwon, Heeseung, Jay, Jake, និង Sunghoon ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ អំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែកតារាចម្រៀងម្នាក់ក្នុងក្រុមនេះ ដែលទើបចេញលទ្ធផល វិជ្ជមានកូវីដ-១៩ គឺមានឈ្មោះថា Ni-Ki ខណៈ តារាប្រុស Sunoo គឺជាសមាជិកក្រុមតែម្នាក់គត់ ដែលមានលទ្ធផលអវិជ្ជមាន។

ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនរបស់តារាប្រុសខាងលើ បានចេញមុខសុំការអភ័យទោស ពីសំណាក់អ្នកគាំទ្រ ចំពោះការធ្វេសប្រហែល តែយ៉ាងណាពួកគេប្តេជ្ញាថា នឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យអ្នកសិល្បៈដែលបានឆ្លងកូវីដ-១៩ ឆាប់ជាសះស្បើយឡើងវិញ និងធ្វើតាមការណែនាំរបស់អាជ្ញាធរសុខាភិបាលផងដែរ៕