(រីយ៉ូឌីជេនីរ៉ូ)៖ កីឡាករខ្សែប្រយុទ្ធ Artur Guimaraes និងកីឡាករខ្សែការពារ Leo Ortiz របស់ក្លិប Bragantino ត្រូវបានដាក់បន្ថែម ចូលក្នុងក្រុមបាល់ទាត់ជម្រើសជាតិសាំបាប្រេស៊ីល សម្រាប់ការប្រកួតវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០២២ ដែលត្រូវតទល់នឹងក្រុមអាហ្សង់ទីន និងប៉េរូ។ នេះបើតាមការបញ្ជាក់ពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
ខ្សែការពារកណ្តាល Ortiz នឹងពង្រឹងផ្នែកការពាររបស់ប្រេស៊ីល បន្ទាប់ពីការបញ្ឈរជើងកីឡាករ Marinquinos ដែលលេងនៅក្លិប Paris Saint-Germain ស្របពេលដែលខ្សែប្រយុទ្ធ Guimaraes នឹងផ្តល់ឲ្យគ្រូបង្គោល Tite ជាមួយនឹងជម្រើសបន្ថែមទៀត ក្នុងការវាយប្រហារលើគូប្រកួត បន្ទាប់ពីកីឡាករ Malcom និងកីឡាករ Claudinho ត្រូវបានបញ្ជាឲ្យវិលត្រឡប់ទៅរុស្ស៊ីវិញ ដោយក្លិប Zenit Saint-Petersburg។
កីឡាករទាំងពីររូបនេះបានចូលរួមជាមួយក្រុមប្រេស៊ីល នៅទីក្រុង Sao Paulo បន្ទាប់ពីជ័យជំនះរបស់ក្រុមលើគូប្រជែងឈីលី ក្នុងការប្រកួតវគ្គជម្រុះដោយលទ្ធផល ១-០ នាទីក្រុងខាងលើកាលពីថ្ងៃព្រហស្បតិ៍។
ប្រេស៊ីល នឹងត្រូវប៉ះក្រុមខ្លាំងអាហ្សង់ទីន នៅទីក្រុង Sao Paulo នាថ្ងៃអាទិត្យ និងក្រុមប៉េរូ នៅទីក្រុង Recife នាថ្ងៃព្រហស្បតិ៍ខាងមុខ។
គួរជម្រាបថា ម្ចាស់ពានរង្វាន់ជើងឯកពិភពលោកចំនួន ៥លើកនេះបានចុះខ្សោយកម្លាំង ដោយសារតែការបដិសេធពីសំណាក់ក្លិបនៅអង់គ្លេស និងរុស្ស៊ី ក្នុងការអនុញ្ញាតឲ្យកីឡាករមកចូលរួមជាមួយក្រុមជម្រើសជាតិ ដោយសារតែបារម្ភអំពីតម្រូវការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ជំងឺ COVID-19៕