(សៅប៉ូឡូ)៖ ការប្រកួតរវាងក្រុមជម្រើសជាតិសាំបាប្រេស៊ីល ទល់នឹងអាហ្សង់ទីនត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលចាប់ផ្តើមប្រកួតបាន ៥នាទីនៅពេលរកឃើញកីឡាករ ៣នាក់បានល្មើសនឹងបម្រាម COVID-19។
តាមរយៈព័ត៌មានពីគេហទំព័រ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីសុខាភិបាលប្រេស៊ីលបានមកបង្អាក់ការប្រកួតដល់ទីលានតែម្តង នៅពេលការប្រកួតរវាងប្រេស៊ីល និងអាហ្សង់ទីនទើបដំណើរការបាន ៥នាក់ ដោយសាររកឃើញកីឡាករអាហ្សង់ទីន ៤នាក់មកពី Premier League បានល្មើសបម្រាមកូវីដ-១៩។
ពុំមានរបាយការណ៍បញ្ជាក់ពីកីឡាករទាំង ៤នាក់នោះទេ តែត្រូវបានគេដឹងថា Emiliano Buendia និង Emiliano Martinez មកពី Aston Villa និង Giovani lo Celso រួមទាំង Cristian Romero មកពីក្លិប Tottenham Hotspur ដែលសុទ្ធសឹងតែបានចូលលេងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Sao Paulo ដូចគ្នា។
កាលបរិច្ឆេទថ្មីរវាងក្រុមទាំងពីរមិនទាន់ត្រូវបានប្រកាសឲ្យដឹងឡើយ គ្រាដែលប្រេស៊ីល និងអាហ្សង់ទីនត្រៀមប្រកួតវគ្គជម្រុះបន្ទាប់ដូចគ្នានារាត្រីថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១៕