(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះបោះសំឡេងរបស់អាមេរិក Cardi B បានបង្ហាញសកម្មភាពនៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃលំដាប់អភិជន តម្លៃជិត៦លានដុល្លាររបស់នាង ត្រូវទឹកលិចចូលដល់ក្នុង បន្ទាប់ពីសហរដ្ឋអាមេរិក រងការវាយប្រហារដោយព្យុះ Hurricane កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Fox News។
បន្ទាប់ពីរងការវាយប្រហារដោយព្យុះ Hurricane តារាចម្រៀងរ៉េបវ័យ២៨ឆ្នាំរូបនេះ បានបង្ហោះ Story ក្នុង Instagram របស់នាង ដោយនិយាយថា «វាជាព្យុះ មិនមែនជាការលេងសើចទេ»។ តាមរយៈវីដេអូ បានបង្ហាញថា ដោយសារអំណាចនៃខ្យល់បោកបក់ខ្លាំង បានធ្វើឲ្យបន្ទប់សម្រាប់ភ្ញៀវប្រើប្រាស់ និងបន្ទប់គេង ក្នុងផ្ទះរបស់នាងត្រូវទឹកហូរចូល។
បើគេនៅចាំមិនភ្លេច តារាចម្រៀង Cardi B និងប្តីរបស់នាង គឺ Offset បានទិញផ្ទះមួយនោះកាលពីឆ្នាំ២០១៩ ជាមួយនឹងតម្លៃ ៥.៨លានដុល្លារអេមរិក។ ផ្ទះលំដាប់អភិជនមួយនេះ គឺមានទំហំ ២០៤៣ម៉ែត្រការ៉េ, បន្ទប់គេងចំនួន៥, បន្ទប់ទឹក១១ ដែលមានទីតាំងនៅក្នុងទីក្រុង Atlanta សហរដ្ឋអាមេរិក៕