(ឡុងដ៍)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Naby Keita បានចាកចេញពីប្រទេសហ្គីណេ ដែលជាប្រទេសដើមកំណើតរបស់លោកហើយ ក្រោយពីមានរដ្ឋប្រហារយោធាបានកើតឡើងនៅក្នុងប្រទេស ស្ថិតតំបន់អាហ្វ្រិកខាងលិចនេះ ហើយកំពុងស្ថិតក្នុងដំណើររបស់លោក វិលទៅកាន់អង់គ្លេសវិញ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសចេញផ្សាយនាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។
កីឡាករវ័យ ២៦ឆ្នាំរូបនេះបានត្រៀមរៀបចំចូលរួមប្រកួតជម្រុះ World Cup របស់ក្រុមជម្រើសជាតិហ្គីណេ តទល់នឹងក្រុមម៉ារ៉ុកនារដ្ឋធានី Conakry កាលពីថ្ងៃចន្ទ នៅពេលដែលការប្រកួតត្រូវបានបញ្ឈប់ បន្ទាប់ពីក្រុមទាហានបានបណ្តេញលោកប្រធានាធិបតី Alpha Conde ហើយក្រោយមកបានរំលាយរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ស្របពេលដែលព្រំដែនប្រទេស ត្រូវបានគេរាយការណ៍ថាបានបិទ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដោយសុវត្ថិភាព ត្រឡប់ទៅប្រទេសកំណើតវិញកាលពីយប់ថ្ងៃអាទិត្យ។
អ្នកនាំពាក្យយោធាមួយរូបបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសបានបើកឡើងវិញនូវព្រំដែនគោក និងព្រំដែនអាកាសរបស់ខ្លួន សម្រាប់ហេតុផលធ្វើពាណិជ្ជកម្ម និងមនុស្សធម៌។
Liverpool កាលពីពេលមុននេះបានប្រាប់ឲ្យដឹងថា ពួកគេបាននឹងកំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីនាំយកកីឡាកររបស់ពួកគេ ត្រឡប់ដោយសុវត្ថិភាពទៅកាន់អង់គ្លេសវិញ។
កីឡាករ Keita បានចាប់ផ្តើមបើកការប្រកួតលីគចំនួន ២ប្រកួតរបស់ Liverpool និងជាកីឡាករបម្រុងក្នុងការប្រកួតលទ្ធផលស្មើ១-១ ជាមួយក្រុម Chelsea។ ក្រុមរបស់លោក Juergen Klopp នេះ នឹងត្រូវជួបជាមួយក្រុម Leeds United នៅថ្ងៃអាទិត្យនេះ៕