(ភ្នំពេញ)៖ សម្រាប់ការប្រកួតពានរង្វាន់វគ្គសន្សំពិន្ទុលីគកំពូលកម្ពុជា ឆ្នាំ២០២១ បង្គ្រប់សប្តាហ៍ទី៧ ក្រោយពន្យារពេលដោយសារកូវីដ ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះនគរបាលជាតិ នៅក្នុងលទ្ធផល ៣-០ នៅថ្ងៃពុធ ទី០៨ ខែកញ្ញានេះ។
គួរដឹងដែរថា ការប្រកួតរបស់ក្រុមទាំងពីរបានបញ្ចប់រួចរាល់ហើយដោយតង់ទី១ ក្រុមភ្ញៀវភ្នំពេញក្រោនបាននាំមុខមុន ២គ្រាប់ និងបានស៊ុតបញ្ចូលទីដោយកីឡាករ MATHEUS SOUZA E SILVA ពាក់លេខ៣៣ នៅនាទីទី២៧ និងគ្រាប់ទី២ ទាត់ចូលដោយកីឡាករ YUDAI OGAWA ពាក់លេខ៤ នៅនាទីទី២៩ មុនពេលតង់ទី២ ក្រោនបានបន្ថែម ២គ្រាប់ទៀតដោយកីឡាករ NIETO RONDON ពាក់លេខ១០ រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៥៨ និងនាទី៧១ ក្រោយពីម្ចាស់ផ្ទះនគរបាលជាតិបានវាយបក ១គ្រាប់វិញនៅនាទីទី៨២ ដោយកីឡាករពាក់លេខ២១ OTANI SOMA។
ទាក់ទងទៅនឹងការប្រកួតរបស់ភ្នំពេញក្រោន កាលពីសប្តាហ៍ទី១២ បានបំបាក់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ កាលពីថ្ងៃសៅរ៍ ទី០៤ ខែកញ្ញាកន្លងទៅ នៅក្នុងទឹកដីរបស់ខ្លួន។ ភ្នំពេញក្រោន ឆ្លងកាត់១១ប្រកួតកន្លទៅ ឈ្នះ៧ដង និងស្មើ៤ដង មិនដែលស្គាល់ពាក្យថាចាញ់ម្តងណាឡើយ និងបានឈរនៅចំណាត់ថ្នាក់លេខ២ មាន២៥ពិន្ទុ ស្មើនឹងក្រុមកំពូលតារាងបណ្តោះអាសន្នវិសាខា និងមាន ២៥ពិន្ទុដូចគ្នា។
រីឯក្រុមនគរបាលជាតិវិញ កាលពីលេងបង្គ្រប់សប្តាហ៍ទី៨ ក៏ធ្លាប់បានលេងស្មើជាមួយនឹងក្រុមខេត្តព្រៃវែង ក្នុងលទ្ធផល ០-០ កាលពីថ្ងៃអាទិត្យ ទី០៥ ខែកញ្ញាកន្លងទៅ។ នគរបាលជាតិ ឆ្លងកាត់១០ប្រកួតកន្លងមកនេះ ស្មើ៣ដង និងចាញ់៧ដង មិនដែលស្គាល់ពាក្យថាឈ្នះម្តងណាឡើយ នៅបាតតារាងលេខ១៣ និងមាន៣ពិន្ទុ៕