(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games) ឆ្នាំ២០២១ នឹងត្រូវពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២២ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមការប្រកាស ពីគណៈកម្មាធិការអូឡាំពិកចិន (COC) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

ព្រឹត្តិការណ៍ Asian Youth Games លើកទី៣នេះ ដំបូងឡើយ គ្រោងនឹងធ្វើឡើង នៅទីក្រុង Shantou ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គម្រោងថ្មី នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ COC។

«ក្រុមប្រឹក្សាអូឡាំពិកអាស៊ី, COC និងគណៈកម្មាធិការរៀបចំក្នុងតំបន់ បានពិភាក្សាគ្នាស៊ីជម្រៅ ហើយបានធ្វើការសម្រេចចិត្តរួមគ្នា ដើម្បីការពារផលប្រយោជន៍ គ្រប់គណៈកម្មាធិការអូឡាំពិកជាតិ និងក្នុងតំបន់ និងដើម្បីធានាសុវត្ថិភាព និងសុខភាពអត្តពលិកទាំងអស់», នេះបើតាមសេចក្តីថ្លែងការណ៍បានឲ្យដឹង។

គួរឲ្យដឹងថា ទីក្រុង Shantou បានឈ្នះសិទ្ធធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ Asian Youth Games លើកទី៣ ក្នុងឆ្នាំ២០១៩។ ព្រឹត្តិការណ៍នេះ ស្ថិតក្នុងចំណោមព្រឹត្តិការណ៍កីឡាចម្រុះ កំពូលទាំង៥ ក្នុងតំបន់អាស៊ី៕