(តូក្យូ)៖ ជប៉ុន នឹងមិនធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ FIFA Club World Cup នៅចុងឆ្នាំនេះនោះទេ ដោយសារតែការដាក់កំហិត ពីការរីករាលដាលនៃមេរោគ COVID-19 ដែលអាចដាក់កម្រិត លើចំនួនអ្នកទស្សនា, នេះបើតាមរបាយការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
ព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះ, ដែលម្ចាស់ពានរង្វាន់ជើងឯក មកពីសហព័ន្ធបាល់ទាត់សាកលចំនួន៦ នឹងប្រកួតប្រជែងគ្នា ជាមួយនឹងក្រុមកំពូលរបស់ប្រទេសម្ចាស់ផ្ទះនោះ, គ្រោងនឹងធ្វើឡើង នៅខែធ្នូឆ្នាំនេះ។
ប៉ុន្តែសមាគមបាល់ទាត់ជប៉ុន (JFA) បានសម្រេចបោះបង់ចោលសិទ្ធ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ, នេះបើតាមសារព័ត៌មាន Kyodo ចេញផ្សាយឲ្យដឹង។
«ហានិភ័យនៃករណីឆ្លង និងការលំបាក ក្នុងការរកប្រាក់ចំណេញ ដោយសារតែចំនួនអ្នកទស្សនា អាចធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្ត», នេះបើតាមសារព័ត៌មាន Kyodo បានចុះផ្សាយ ដោយយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ។
សមាគម JFA កំពុងស្ថិតក្នុងការពិភាក្សា ជាមួយនឹង FIFA, ដែលអាចពន្យារពេលព្រឹត្តិការណ៍ Club World Cup នេះ ទៅប្រារព្ធឡើងនៅដើមឆ្នាំក្រោយ។
ព្រឹត្តិការណ៍នេះ តែងតែធ្វើឡើងជាធម្មតា ក្នុងខែធ្នូ, ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំ២០២០ នៅប្រទេសកាតា ត្រូវបានពន្យារពេលដល់ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃមេរោគ, ជាមួយនឹងក្លិប Bayern Munich ជាម្ចាស់ពានរង្វាន់ជើងឯក៕