(ប៊ែកឡាំង)៖ ខ្សែការពារ Antonio Rudriger និងតារាជើងស៊ុត Timo Werner សុទ្ធតែរកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងជ័យជម្នះ ៤-០ របស់ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ទៅលើម្ចាស់ផ្ទះអ៊ីស្លង់ក្នុងវគ្គជម្រុះ FIFA World Cup 2022។

Rudiger រកបានគ្រាប់ទី២ បន្ទាប់ពី Leroy Sane រកបានគ្រាប់បើកឆាកនៅនាទីទី៤ និងមិត្តរួមក្រុមពីក្លិបតោខៀវ Chelsea ដូចគ្នាគឺ Timo Werner រកបានគ្រាប់ទី៤ ចុងក្រោយគេនៅនាទី៨៨ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Hansi Flick ដែលជំនួសកៅអីលោក Joachim Loew ដែលបានលាឈប់ ក្រោយបញ្ចប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2020។

គិតទាំងគ្រាប់យប់មិញនេះទៀត Werner រកបាន ១៩គ្រាប់ហើយឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ ដើម្បីបន្តឈរនៅកំពូលតារាងដដែលដោយនាំមុខ ៤ពិន្ទុផងដែរពីក្រុមលេខ២ អាមេននីដែលប្រកួតបានស្មើទល់នឹងលិចធិនស្តាញពីក្នុងពូល J របស់ពួកគេ។

ដូចគ្នានោះដែរ ក្រុមជើងខ្លាំងដែលឈរនៅលេខ១ ពិភពលោក ប៊ែលហ្សិកបានបន្តប្រវត្តិលេងមិនចាញ់ដដែល តាមរយៈយកឈ្នះម្ចាស់ផ្ទះប៊ែលឡារុស ១-០ ពីការធ្វើបានសម្រេចដោយកីឡាករ Dennis Praet ដែលផ្ទេរចេញពី Leicester City ទៅក្លិបអ៉ីតាលី Napoli ជាលក្ខណៈខ្ចីជើងរយៈពេលវែង៕