(អាមេរិក)៖ បណ្ដាញទំនាក់ទំនងសង្គម Twitter បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងជាសកលនូវមុខងារថ្មីមួយដែលមានឈ្មោះថា «Communities» ដោយវាមានភាពស្រដៀងគ្នាទៅនឹង Facebook Groups ប៉ុន្តែការប្រើប្រាស់គឺខុសគ្នាបន្តិចបន្តួច។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ឱ្យដឹងថា អ្នកប្រើប្រាស់អាចធ្វើការបង្កើត «Communities» និងអាចបង្ហោះសារចូលក្នុងនោះបាន ខណ:ដែល Twitter នឹងបន្ថែមលក្ខណ:ពិសេសមួយចំនួនទៀតចូលក្នុង «Communities» នេះ នៅខែបន្ទាប់។

នៅក្នុងសេចក្ដីប្រកាសរបស់ Twitter មិនបានបញ្ជាក់ថា សមាជិកនៅក្នុង «Communities» មានចំនួនកំណត់ប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ អ្នកដែលចង់ចូលរួមនៅក្នុង «Communities» បានលុះត្រាតែមានការអញ្ជើញពីម្ចាស់ «Communities» តាមរយ:ការ invite ហើយ សមាជិកនៅក្នុង «Communities» គឺអាចបង្ហោះសារ ឬមាតិកាបាន។

ក្នុងនោះ Twitter ក៏អនុញ្ញាតឱ្យម្ចាស់ «Communities» អាចធ្វើការកំណត់សិទ្ធិសម្រាប់សមាជិកនៅក្នុង «Communities» បានដូចជា moderator និង member ព្រមទាំង admin ផងដែរ។

គួរបញ្ជាក់ផងដែរថា Twitter នៅក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះបានធ្វើការបន្ថែម Tools ថ្មីៗជាច្រើន ជាពិសេសគឺ super follows ដែលអនុញ្ញាឱ្យអ្នកដែលមាន followers ចាប់ពី 10K ឡើងអាចរកប្រាក់ចំណូលបាន និងបានបន្ថែមមុខងារ live audio chat rooms សម្រាប់ ចាក់ផ្សាយឯកសារសំឡេង ដែលមុខងារមួយនេះកំពុងតែចាប់អារម្មណ៍នៅលោកខាងលិច៕