(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft ថ្មីៗនេះបានទិញយកក្រុមហ៊ុនផ្ដល់សេវាកម្ម កាត់តវីដេអូមួយដែលមានឈ្មោះថា Clipchamp ដើម្បីយកមកអភិវឌ្ឍន៍បន្ថែម និងធ្វើឱ្យល្អប្រសើរឡើងសម្រាប់កម្មវិធីកាត់តវីដេអូសម្រាប់ប្រព័ន្ធដំណើរការ Windows ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២១។

Clipchamp ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយផ្ដល់សេវាកម្មកាត់តវីដេអូនៅលើ Browser ដោយមានអតិថិជន ឬអ្នកប្រើប្រាស់ រាប់ លានអ្នកផងដែរ ព្រោះតែការកាត់តតាមរយៈ Tools របស់ Clipchamp គឺមានភាពងាយស្រួល។

ការទិញលក់មួយនេះ មិនត្រូវបាន ក្រុមហ៊ុនទាំងពីរប្រកាសឱ្យដឹងពីតម្លៃឡើយ ដោយក្នុងនោះ Microsoft បានបង្ហើបឱ្យដឹងថា នឹងច្របាច់បញ្ចូលកម្មវិធី Clipchamp ចូលទៅក្នុងកម្មវិធី Microsoft 365 និងនៅលើ Web App ដូច្នេះមានន័យថា ប្រព័ន្ធដំណើរការ Windows នឹងកាន់តែ ពោរពេញ ដោយភាពសម្បូរបែបថែមមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft បានប្រកាសនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Windows 11 ជាផ្លូវការនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ ជាមួយនឹងសមត្ថភាព និងកម្មវិធីដ៏សម្បូរបែប៕